(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  និងសហការី បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយលោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោក សុខ លូ  បាននាំយកសាររំលែកទុក្ខរបស់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានខ្លឹមសារដូចខាងក្រោម៖

«លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល និងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់រាប់អានក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុក មន្ត្រីប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត គ្រូទីប្រឹក្សានិង យុវជនកាកបាទ ក្រហមកម្ពុជា ក្នុងខេត្តបាត់ដំបងទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយ លោកជំទាវ ឧកញ៉ ធម្មាមង្គលមុនី ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា កាលពីថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំបាទ និងសហការីទាំងអស់ នៃសាខាកាកបាទក្រហម កម្ពុជាខេត្តបាត់ដំបង ពិតជាសោកស្តាយ និងស្រណោះអាឡោះអាល័យពន់ពេកណាស់ ព្រោះថាការទទួលមរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ដ៏ធំធេងនូវឧត្តមស្វាមី ឪពុក ជីតា ជីតាទួត និងឥស្សរជននយោបាយដ៏ឆ្នើម នៃកម្ពុជាមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ប្រកាន់ខ្ជាប់ តាមគន្លងព្រះពុទ្ធសាសនា ដែលក្នុងមួយជីវិតសម្តេចបានធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយ-ចិត្ត ធនធានក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានឆន្ទៈមោះមុតក្នុងបេសកកម្ម មនុស្សធម៌កាកបាទក្រហមកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេស បានចូលរួមស្តារឡើងវិញនូវមុខមាត់កិត្តិយស កិត្តិនាម និងកិត្តិស័ព្ទរបស់កាកបាទក្រហមកម្ពុជា ពីបាតដៃទទេរហូតទទួលបានភាពម្ចាស់ការស្ទើរទាំងស្រុងដូចសព្វថ្ងៃនេះ។

ទោះបីរូបកាយរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល សេចក្តីថ្លៃថ្នូរ គុណធម៌ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់លោកជំទាវ ឧកញ៉ាធម្មាបង្គលមុនី កូន ចៅ ចៅទួត និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់ជានិច្ចនិរន្តរ៍។ ខ្ញុំបាទ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕