(ភ្នំពេញ)៖ លោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងជំរុញដល់យុវជន ចូលរួមឲ្យបានផុលផុស ក្នុងសកម្មភាពសង្គមឲ្យបានច្រើន និងថែរក្សាសន្តិភាព ផងដែរ។

លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ប្រារព្ធទិវាបរិស្ថានប្រចាំឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមលោកអភិបាលរងខណ្ឌឫស្សីកែវ គោលបំណងនៃការប្រារព្ធពិធីនេះឡើង ដើម្បីចូលរួមចំណែកក្នុងការអប់រំផ្សព្វផ្សាយឱ្យប្អូនៗសិស្សានុសិស្ស និងសាធារណៈជនទូទៅមានការយល់ដឹងបន្ថែមអំពីវិធីងាយៗក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ មានភាពងាយស្រួលក្នុងការប្រមូលទុកដាក់ ផ្តល់អនាម័យភាព និងសុខុមាលភាពល្អក្នុងការរស់នៅ ទាំងនៅក្នុងលំនៅផ្ទាល់ខ្លួន ទាំងនៅទីសាធារណៈ ជាពិសេសគឺបំផុសស្មារតីឱ្យមហាជនចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង និងផ្តល់ជាគំរូល្អក្នុងការចួលរួមចំណែកថែរក្សាអនាម័យបរិស្ថានសម្រាប់ ប្រទេសកម្ពុជា។

ការប្រារព្ធទិវាបរិស្ថានថ្ងៃនេះ ក៏ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសំណាក់គណៈអភិបាលខណ្ឌឫស្សីកែវ ចៅសង្កាត់ អាជ្ញាធរ បុគ្គលិក និងរថយន្តនៃក្រុមហ៊ុនគ្រប់គ្រងសំណល់សំរាម និងសំណល់រឹង 800Super-GAEA Cambodia និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ហើយសមាជិកដែលបានចូលរួម មានទឹកមុខញញឹមស្រស់ស្រាយ និងខិតខំបំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំគួរជាទីរីករាយក្រៃលែង។

លោក ពៅ ភក្តី នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណចំពោះគណៈអធិបតី និងអ្នកដែលបានចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីចូលរួមក្នុងទិវាបរិស្ថាននាថ្ងៃនេះ ឱ្យមានការប្រព្រឹត្តទៅដោយរលូន។ ស្ថិតនៅក្នុងពិធីនោះ លោកបានបញ្ជាក់ផងដែរថា ការចូលរួមនៅក្នុងថ្ងៃនេះត្រូវបានបែងចែកទៅតាមក្រុមនីមួយៗដោយមានភាពត្រឹមត្រូវ និងច្បាស់លាស់ នៅតាមទីតាំងផ្សេងៗគ្នារៀងៗខ្លួន។

ជាចុងក្រោយ លោកក៏បានថ្លែងអំណរគុណ និងជូនពរចំពោះគណៈអធិបតី និងអ្នកស្ម័គ្រចិត្តចូលរួមទាំងអស់ ដែលបានខិតខំចំណាយពេលវេលា ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការចូលរួមក្នុងយុទ្ធនាការដ៏ពិសេសមួយនេះ។

គួរជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែប្រារព្ធពិធីនេះឡើងជាប្រចាំដើម្បីជាប្រយោជន៍ក្នុងការជួយបំផុស និងក្រើនរំឭកដល់សាធារណៈជនទូទៅ ដែលរស់នៅក្នុងសង្គម ឱ្យមានស្មារតីចូលរួមស្រឡាញ់ ថែរក្សា និងការពារបរិស្ថានឱ្យបានល្អគ្រប់ៗគ្នា ហើយជាពិសេសក៏មានការចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថានជាមួយអាជ្ញាធរដែនដី ដើម្បីសង្គមជាតិកាន់តែប្រសើរឡើង។ មួយវិញទៀត ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការបង្ហាញពីស្មារតីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលតែងតែណែនាំ បង្ហាត់បង្ហាញ និងដឹកនាំសិស្សានុសិស្ស ដើម្បីធ្វើជាគំរូ និងជាទម្លាប់ដ៏ល្អប្រសើរស្របទៅនឹងការសិក្សាអប់រំផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងក្នុងសង្គមផងដែរ៕