(ភ្នំពេញ)៖ ​​នាឱកាសអញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី ​នៅព្រឹកថ្ងៃ​ទី០៥ ខែកញ្ញា ឆ្នាំ២០២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ទស្សនៈ និង អនុសាសន៍​៩ចំណុច ដល់មេធាវីនៅកម្ពុជា ដើម្បីរួមចំណែកលើក​កម្ពស់និតិរដ្ឋ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និង​ការពង្រឹងគោរពច្បាប់ ខណៈបច្ចុប្បន្ននេះ មេធាវីដែលជាសមាជិករបស់គណៈមេធាវី មានជិត៣ពាន់នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យ៉ាងដូច្នេះថា ដើម្បីបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ​សូមផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួនដូចខាងក្រោម៖

​១. ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់លើគុណភាព និងសេវាមេធាវីគណៈមេធាវី​ ​ត្រូវបន្តយកចិត្តទុកដាក់លើការបន្តការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាពមេធាវី ទាំងជំនាញរឹង និងជំនាញទន់ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធានវិជ្ជាជីវៈ និង ក្រមសីលធម៌ មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

២. ​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូបណ្តុះបណ្តាលប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យមាន​លក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

៣. គណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់​ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និង ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និង កុមារ និង ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ដល់សាធារណជន, ព្រមទាំងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌។

៤. ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងយុត្តិធម៌ សហការជាមួយគណៈមេធាវី ដើម្បី​ពិនិត្យ​ការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះ​បានអនុវត្តអស់រយៈពេលជិត៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និង ឧត្តមានុវត្ត, ដូចជាការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និងរបៀបនៃការបោះឆ្នោតជ្រើសរើសប្រធាន និង ក្រុមប្រឹក្សាគណៈមេធាវីជាដើម។

៥. មេធាវីគ្រប់រូប បន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេស​បន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់ខ្លួន។

៦. ​ក្នុងនាមជាអ្នកច្បាប់រួមចំណែកដល់ការពង្រឹងនិតិរដ្ឋ និងការអនុវត្តច្បាប់ មេធាវីគ្រប់រូប ត្រូវគោរពច្បាប់ និង ប្រកាន់ខ្ជាប់នូវ​ក្រមសីល​ធម៌​វិជ្ជាជីវៈរបស់ខ្លួន, ព្រមទាំងត្រូវចៀសឱ្យខាងតែបាននូវអាកប្បកិរិយាក្រអឺតក្រទម ឬ អំពើល្មើសច្បាប់ណាមួយ។ ក្នុងន័យនេះ ក្នុងករណីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ និង អសីលធម៌ណាមួយ, គណៈមេធាវី ត្រូវមានវិធានការឱ្យតឹងរ៉ឹងបំផុតស្របតាមនីតិវិធីជាធរមាន។

៧. ខ្ញុំសូមលើកទឹកចិត្តដល់មេធាវីនៃគណៈមេធាវី បន្តរួមចំណែកឱ្យបានកាន់តែច្រើនថែមទៀតជាមួយរាជរដ្ឋាភិបាល ដល់សកម្មភាពសង្គម និងការលើកស្ទួយ និងពង្រឹង នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

៨. លេខាធិការដ្ឋាននៃសាលាជម្រះក្តីនានា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និងចៅក្រម សូមជួយសម្រួលដល់ការងាររបស់មេធាវី ដែលបានបំពេញវិជ្ជាជីវៈរបស់ខ្លួន យុត្តិធម៌ តាមច្បាប់ ជាពិសេសក្នុងរឿងក្តីរបស់ជនក្រីក្រ។

៩. ខ្ញុំសុំណែនាំដល់អង្គភាពនគរបាលយុត្តិធម៌ សុំសហការជួយសម្រួលដល់មេធាវីដែលបានអនុវត្តវិជ្ជាជីវៈ ក្នុងការអមកូនក្តីនៅក្នុងដំណាក់កាលស៊ើបអង្កេតបឋមរបស់នគរបាលយុត្តិធម៌

សូមជម្រាបថា មកដល់បច្ចុប្បន្ន គណៈមេធាវីមានសមាជិកសរុបចំនួន ២,៩៩៦រូប (មេធាវី​ជា​ស្ត្រីចំនួន ៧៦៤រូប)។ ក្នុងនោះ មេធាវីមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជា​ជីវៈ​ចំនួន ២,៥៤៣រូប (មេធាវីជាស្ត្រីចំនួន ៦៥០រូប) មេធាវីកំពុងធ្វើកម្មសិក្សា ចំនួន ២៣០រូប (មេធាវីជាស្ត្រីចំនួន ៧៧ រូប) មេធាវីសុំមិនប្រកបវិជ្ជាជីវៈចំនួន ២០១រូប (មេធាវីជាស្ត្រីចំនួន ៣៣រូប) មេធាវីសុំនៅក្រៅបញ្ជីចំនួន ២២រូប (មេធាវីជាស្ត្រីចំនួន ៤រូប) ហើយមានមេធាវីទទួលមរណភាពចំនួន ៧០រូប (មេធាវីជាស្ត្រីចំនួន ៦រូប) និងមេធាវីទទួលទណ្ឌកម្មលុបឈ្មោះចេញ​ពីបញ្ជី​គណៈ​មេធាវីចំនួន ១៨រូប (មេធាវីជាស្ត្រីចំនួន ៣រូប)៕