(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកអំពីបញ្ហាបោះបង្គោលព្រំដែនដែលនៅសេសសល់ នៅក្នុងជំនួបជាមួយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធីគីមងិន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សម្តេច សាយ ឈុំ បានថ្លែងលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសទាំងពីរ ខិតខំបន្តដោះស្រាយបញ្ហា ដែលនៅសេសសល់ដើម្បីបោះបង្គោលព្រំដែន និងការងារបោះបង្គោលខណ្ឌសីមា នៃប្រទេសទាំងពីរឲ្យបានចប់ជាស្ថាពរ សំដៅកសាងព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងដើម្បីតម្តល់នូវសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក៏ដូចជាការកំណត់ព្រំដែននៃប្រទេសទាំងពីរ ទុកជាមរតក ដល់កូនចៅជំនាន់នេះ និងជំនាន់ក្រោយតរៀងទៅ។
សម្តេច សាយ ឈុំ បានលើកឡើងបែបនេះ នៅក្នុងជំនួបសវនាការជាមួយលោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៧ និង២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកស្រី ង្វៀន ធីគីមងិន បានថ្លែងថា រដ្ឋសភាវៀតណាម មានសេចក្តីសង្ឃឹមថា ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា នឹងកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងគណៈកម្មការជំនាញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
លោកស្រីបន្តថា រដ្ឋសភាវៀតណាម នឹងរៀបចំសម័យប្រជុំជាលើកទី២ ដើម្បីស្វែងរកវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម សម្រាប់ឆ្នាំ២០១៧ ក៏ដូចជារៀបចំផែនការរយៈពេល៥ឆ្នាំខាងមុខ សម្រាប់វិស័យសេដ្ឋកិច្ច និងវិនិយោគ៕