(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្ត ដែលយុវជនក្រុមប្រឆាំងនៅប្រទេសជប៉ុន ឈ្មោះ ហៃ វណ្ណា ដែលព្យាយាមញុះញង់បំផុសពង្រីកចលនា១៨សីហា ឱ្យទៅជាចលនាធំមួយ ដើម្បីផ្តួលរំលំសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈសម្តេចអញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចបានមានប្រសាសន៍ថា៖ «អ្នកដែលផ្តួចផ្តើម ហើយញុះញង់ខ្លាំងគឺអ្នកនៅក្រៅប្រទេស ខ្ញុំហួសចិត្តនឹងម្នាក់ឈ្មោះ ហៃ វណ្ណា នៅជប៉ុន ទាល់តែយើងទប់(ចលនា) ថ្ងៃ១៨ សីហា ទើបគាត់ថា "អត់ទេត្រូវធ្វើតាមរយៈការបោះឆ្នោត" យើងនិយាយតាំងពីដំបូងហើយតើ តែពេលសន្ទុះខ្លាំងគាត់រុញ សំខាន់បំផុត គាត់ដាក់សារបំផុស ហើយខ្ញុំហួសចិត្ត»។
សម្តេចបង្ហើបអំពីសំឡេងរបស់ លោក ហៃ ស៊ីណា នៅក្នុងក្រុមតេលេក្រាមរបស់សមាជិកក្រុមប្រឆាំង ដែលបំផុសបំផុលឱ្យចលនា១៨សីហា រីករាលដាល ដើម្បីរារាំងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានការរៀបចំចលនានេះ ដើម្បីរារាំងមិនឱ្យក្រុមហ៊ុនបរទេសមកវិនិយោគ និងបុគ្គលបរទេសមកធ្វើការនៅកម្ពុជាជាដើម។ សម្តេចបានចាត់ទុកថា ការលើកឡើងបែបនេះ គឺជា «ការដុតផ្ទះដើម្បីចម្អិនពងមាន់»។
សម្តេចបានបញ្ជាក់បន្ថែមថា «បងប្អូនមួយចំនួនតូច ជ្រុលនិយម ដែលគាត់ចង់ឆ្លៀតឱកាសនេះ សូម្បីតែបញ្ហាសេដ្ឋកិច្ចប៉ះពាល់ប្រជាពលរដ្ឋរាប់លាននាក់ ក៏គាត់ហ៊ាន ដុតផ្ទះមួយដើម្បីចម្អិនពងមាន់»។
ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើន ទោះបីជាគាត់មិនគាំទ្រចំពោះគម្រោង CLV-DTA ក៏គាត់មិនគាំទ្រចំពោះទង្វើណាដែលចង់បំផ្លិចបំផ្លាញដុតប្រទេសខ្លួននោះដែរ ព្រោះវាបានប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ។
សម្តេចបានថ្លែងអំណរគុណចំពោះកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលរួមគ្នាទប់ស្កាត់ចលនា ១៨សីហា មិនឱ្យកើតមានឡើង៕