(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រូវការប្រើកងកម្លាំងកងទ័ព កម្លាំងប៉ូលីស ដើម្បីទៅមើលបង្គោលព្រំដែន និងការពារព្រំដែននោះទេ ក្រៅពីការពារប្រឆាំងបទល្មើសផ្សេងៗ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវការប្រជាពលរដ្ឋនៅទីនោះ ដើម្បីជួយជាបង្គោលព្រំដែនជារបងព្រំដែនរស់ ដែលនេះគឺជាគោលដៅរបស់យើង។

នាឱកាសអញ្ជើញជាអធិបតីក្នុង​ពិធីប្រគល់វិញ្ញាបនបត្រ​​​ជូនសិស្ស​មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា​ ការចូលរួមកសាង​ផ្លូវ​តាមបន្ទាត់ព្រំដែន គឺដើម្បីបង្ករលក្ខណៈឱ្យប្រជាពលរដ្ឋធ្វើដំណើរភ្ជាប់សេដ្ឋកិច្ច, កម្លាំងប៉ូលីស កម្លាំងទាហាននៅព្រំដែន មានឱកាសដើរល្បាត ខណៈពីមុនអត់មានផ្លូវ កម្លាំងប៉ូលីស កម្លាំងទាហាននៅព្រំដែន ដើរល្បាតមួយថ្ងៃ បានតែប៉ុន្មានគីឡូទេ ដោយសារថ្មើជើង តែឥលូវមានផ្លូវគាត់អាចដើរល្បាតក្នុងមួយថ្ងៃបាន ៥០ ទៅ ៦០គីឡូម៉ែត្រ។

ទោះជាយ៉ាងណាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «យើងមិនត្រូវការប្រើកម្លាំងកងទ័ព កម្លាំងប៉ូលីស ដើម្បីទៅមើលបង្គោលព្រំដែននោះទេ យើងការពារប្រឆាំងបទល្មើសផ្សេងៗ សម្របសម្រួល ប៉ុន្តែយើងត្រូវការប្រជាពលរដ្ឋនៅទីនោះ ដើម្បីជួយជាបង្គោលព្រំដែន ជារបងព្រំដែនរស់របស់យើង នេះគឺជាគោលដៅរបស់យើង»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រឿងផ្លូវនៅតាមព្រំដែននេះ ទោះបីយើងមិនទាន់មានលទ្ធភាពធ្វើផ្លូវកៅស៊ូរាប់ពាន់គីឡូម៉ែត្រក៏ដោយ ប៉ុន្តែយ៉ាងណាយើងដាក់ផ្លូវដីជាជំហានៗសិន ហើយជាបន្តបន្ទាប់ទៀតនឹងពិនិត្យលទ្ធភាពធ្វើជាបណ្តើរៗ ដើម្បីតភ្ជាប់ផ្លូវនៅតាមព្រំដែនឱ្យបាន ខណៈដែលផ្លូវនៅសល់ប្រមាណ ១ ៣០០គីឡូម៉ែត្រទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា នៅពេលដែលធ្វើផ្លូវនេះហើយនឹងរុញប្រជាពលរដ្ឋឱ្យទៅរស់នៅទីនោះ តាមរយៈការផ្តល់ដី ផ្តល់ផ្ទះជូនពួកគាត់ ហើយកន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកកម្ម និងសំណង់ បានធ្វើរាប់ពាន់ខ្នងរួចមកហើយ។ សម្តេចបានបន្ថែមទៀតថា កាលពីថ្ងៃទី២២ កន្លងមកនេះ សម្តេចបានថែមគោលនយោបាយមួយទៀត កម្មវិធីដីសម្បទានមួយទៀត គឺកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចេរភាព ហើយកម្មវិធីនេះធ្វើនៅតាមតំបន់មួយចំនួននៅទូទាំងប្រទេស និងផ្តល់អទិភាពខ្ពស់ដល់ខេត្តនៅជាប់ព្រំដែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា តាមរយៈកម្មវិធីនេះ គឺនឹងផ្តលជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដោយរដ្ឋាភិបាលនឹងផ្តល់សិទ្ធ ​និងឱកាសឱ្យពួកគាត់បានទទួលដី នៅក្នុងតំបន់ដែលបានអភិវឌ្ឍន៍តាមកម្មវិធីសម្បទានដីនេះ ហើយរដ្ឋាភិបាលសុំមកវិញតែមួយនោះទេ គឺជួយការពារដីនៅតំបន់នោះផង៕