(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផ្លូវក្រវាត់ព្រំដែនជាង ២,៦៦០គីឡូម៉ែត្រ តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបន្តធ្វើផ្លូវនេះបាន ១,៣០០គីឡូម៉ែត្រ នៅសល់១,៣០០គីឡូម៉ែត្រទៀត។ ហើយកាលពីខែកក្កដាថ្មីៗនេះ សម្តេចបានចុះហត្ថលេខាលើថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសាធារជនដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ។ ថ្វិត្បិតតែបរិមាណទឹកប្រាក់ខុសគ្នាក៏ដោយសម្តេចបានចាត់ទុកថា មានតម្លៃស្មើគ្នា ដែលឆ្លុះបញ្ជាំងពីស្មារតីស្នេហាជាតិពិតប្រាកដ និងបានលើកឡើងពីទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរ ដោយសង្កត់ធ្ងន់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន មិនត្រឹម​តែជាកាយវិការព្រួយបារម្ភ ប៉ុន្តែ ជាសកម្មភាពជាក់ស្តែងក្នុងការការពារទឹកដីរបស់ប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ តាមបណ្តោយព្រំដែន ជាពិសេសផ្លូវតាមខ្សែក្រវាត់ព្រំដែន គឺជាកិច្ចការមួយដ៏សំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនដាច់ស្រយាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ៖ «ផ្លូវក្រវាត់ព្រំដែន ដែលយើងត្រូវធ្វើមានជាង ២,៦៦០គីឡូម៉ែត្រជាង អីឡូវយើងធ្វើបាន ១,៣០០គីឡូម៉ែត្រ បានប្រមាណ៥០ភាគរយ នៅសល់១,៣០០គីឡូម៉ែត្រទៀត។ ១,៣០០គីឡូម៉ែត្រទៀត ខ្ញុំបានចុះហត្ថលេខានៅខែ៧នេះ នូវផែនការបញ្ចប់ជូនរបស់បញ្ជាការដ្ឋានវិស្វកម្ម ដើម្បីបញ្ចប់ក្នុងរយៈពេល១០ឆ្នាំ មានថវិកាជាង២០០លានដុល្លារ យើងបានរៀបចំដើម្បីបន្តធ្វើកិច្ចការងារនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គិតមកដល់ពេលនេះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ទទួលបានថវិកាជាង ១៩លានដុល្លារអាមេរិក មានប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ហើយ ដោយក្នុងមួយថ្ងៃសាធារណជនចូលរួមមូលនិធិចន្លោះពី ១,៣០០០ ទៅ ១,៧០០០នាក់ និងបានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថវិកាក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍតំបន់ព្រំដែនជាពិសេសខេត្តទាំង៤ តាមរយៈការជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ប្រជាជនខ្មែរងាយនឹងនិយាយណាស់ថា «មានផ្លូវមានសង្ឃឹម» បើសិនជាយើងគ្មានផ្លូវនៅតាមព្រំដែន ប្រជាពលរដ្ឋ ប៉ូលីស ទាហាន នឹងមានការលំបាកខ្លាំងជាក់ជាមិនខាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា កាលសម្តេចនៅកងទ័ពជើងគោក កងទ័ពពិតជាលំបាកណាស់ក្នុងការដើរល្បាតនៅតាមព្រំដែន យើងមិនអាចឱ្យកងទ័ពដើរល្បាតព្រំដែនរហូតនោះទេ តែយើងត្រូវប្រើប្រជាពលរដ្ឋធ្វើជារបងព្រំដែនទើបមានចីរភាព សហប្រតិបត្តិការ ហើយនៅយូរអង្វែង បើប្រជាជនទៅរស់នៅទីនោះ ពួកគាត់នឹងដឹងថាជាដីរបស់ពួកគាត់ ដែលបានបោះបង្គោលព្រំដែនហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចរចាបោះបង្គោលព្រំដែន គឺដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយឈ្លោះគ្នាជាមួយប្រទេសជិតខាង និងជាការការពារព្រំដែន កសាងព្រំដែន ដើម្បីអភិវឌ្ឍតំបន់នោះជូនប្រជាពលរដ្ឋ។

សូមជម្រាបថា ការកសាងខ្សែក្រវាត់តាមបណ្តោយព្រំដែនរវាងកម្ពុជា វៀតណាម គិតរវាងពីឆ្នាំ២០១៧ មកដល់២០២២ គឺមានការកសាងផ្លូវប្រវែង ៦៨៥.៩៦គីឡូម៉ែត្រ លើផែនការសរុប ១,០៦៩គីឡូម៉ែត្រ ខណៈការកសាងផ្លូវតាមព្រំដែនជាប់នឹងថៃចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ បានប្រវែង ៤៥៥.៥គីឡូម៉ែត្រ លើផែនការសារុប៥០៩គីឡូម៉ែត្រ និងការកសាងផ្លូវតាមខ្សែព្រំដែនកម្ពុជា ជាប់នឹងប្រទេសឡាវរវាងពីឆ្នាំ២០១៥ ដល់២០២២ បានប្រវែង ១៧៩.២គីឡូម៉ែត្រ លើផែនការសរុប ៣៧៧គីឡូម៉ែត្រ។

កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចបានផ្តល់គោលការណ៍ឯកភាព លើបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានមួយ លើការបោះបង្គោលខណ្ឌសីមា និងការស្ថាបនាដែនគមនាគមន៍ តាមតំបន់ព្រំដែនកម្ពុជា ជាប់ប្រទេសថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល ១០ ឆ្នាំ (២០២៤-២០៣៤) នៅលើដី ដែលបានឯកភាពគ្នារួចមកហើយ៕