(ស៊ីលី)៖ តបតាមការអញ្ជើញរបស់លោក Alberto van Klaveren រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ីលី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូ លេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋស៊ីលី ហើយនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Alberto van Klaveren រដ្ឋមន្ត្រីការបរទេសស៊ីលី។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោកស្រី Claudia Sanhueza Riveros អនុរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិផងដែរ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានកត់សម្គាល់ពីវឌ្ឍនភាពនៃភាពជាដៃគូអាស៊ាន-ស៊ីលី កន្លងរយៈពេល៥ឆ្នាំ កន្លងផុតទៅ ហើយបានពិភាក្សារកវិធី ដើម្បីស្វែងរកសក្តានុពល មិនទាន់បាន ប្រើប្រាស់បន្ថែមទៀត ដោយកត់សម្គាល់ពីសក្តានុពលជាច្រើន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងសន្តិសុខតាមប្រព្រ័ន្ធអ៊ីនធឺរណែត សហគ្រាសមីក្រូ តូច និងមធ្យម សន្តិសុខថាមពល និងស្បៀង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ យុវជន និងកីឡា ជាដើម។

នៅថ្ងៃដដែល នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញផ្តល់សន្ទរកថា ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី និងការប្រារព្វទិវាអាស៊ានលើកទី ៥៧។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ទំនាក់ទំនងអាស៊ាន-ស៊ីលី បានធ្វើឲ្យតំបន់ទាំងពីរ កាន់តែខិតមកជិតគ្នា តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការ ប្រកបដោយអត្ថន័យនានា បើទោះបីតំបន់ទាំងពីរ​ មានលក្ខណៈភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ។

លោកបានគូសបញ្ជាក់ពីកាលានុវត្តភាព និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនង ដោយផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។

អគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់សាជាថ្មី អំពីតម្រូវការឲ្យអាស៊ាន និងស៊ីលី ត្រូវបន្តបង្ហាញការប្តេជ្ញាចិត្ត ដើម្បីពង្រឹងទំនាក់ទំនង និងធានាបានថា កិច្ចសហប្រតិបត្តិការ នៅតែមានប្រយោជន៍ទៅវិញទៅមក។

នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញពិសាអាហារថ្ងៃត្រង់រៀបចំដោយលោក Alberto van Klaveren រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ីលី ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី និងការប្រារព្វទិវាអាស៊ានលើកទី ៥៧។

នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី លោកបណ្ឌិត កៅ គឹមហួន បានជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងសាន់ត្យាហ្គោ ដែលក្នុងនោះរួមមាន សមាសភាពពីប្រទេសសមាជិកអាស៊ានចំនួន៥ គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការអំពីការវិវត្តន៍សំខាន់ៗនៅក្នុងអាស៊ាន ព្រមទាំងវឌ្ឍនភាពនៃទំនាក់ទំនង និងទិសដៅអនាគតអាស៊ាន-ស៊ីលី។

លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការអាស៊ាន ប្រចាំទីក្រុងសាន់ត្យាហ្គោ សម្រាប់តួនាទីដ៏មានសារៈសំខាន់របស់គណៈកម្មាធិការនេះ ក្នុងការលើកកម្ពស់មុខមាត់ និងការយល់ដឹងអំពីអាស៊ាននៅក្នុងទីក្រុងសាន់ត្យាហ្គោ ក៏ដូចជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-ស៊ីលី ក្នុងវិស័យដែលអាចធ្វើទៅបានជាច្រើន ដែលមានប្រយោជន៍ទៅវិញទៅមក ហើយនាំមកនូវផលប្រយោជន៍ ដល់ប្រជាជននៃតំបន់ទាំងពីរ៕