(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការកសាងផ្លូវក្រវាត់តាមព្រំដែន រាជរដ្ឋាភិបាល នឹងបង្កើតគណៈកម្មការ ដើម្បីរៀបចំការចំណាយថវិកា ក្នុងការសាងសង់ ឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពលម្អិតអំពីការចំណាយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, មកដល់ពេលនេះ មូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាសរុបប្រមាណ១៩លានដុល្លារ។ ថវិកានេះ នឹងបង្កើតគណៈកម្មការមួយគ្រប់គ្រង ដើម្បីរក្សាបានតម្លាភាព និងភាពត្រឹមត្រូវ នៃការប្រើប្រាស់ថវិកា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការចូលរួមថវិកា មកដល់ពេលនេះ នៅក្នុងមូលនិធិ យើងបានជាង១៩លានដុល្លារ [...] សំនួរសួរថា តើយើងគ្រប់គ្រងយ៉ាងម្ដេច? ការធានានូវតម្លាភាព និងចំគោលដៅ គឺជាកិច្ចការសំខាន់, យើងនឹងបង្កើតគណៈកម្មាធិការគ្រប់គ្រង និងផ្សព្វផ្សាយជូនដំណឹងប្រជាពលរដ្ឋ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងទៀតថា គណៈកម្មាធិការគ្រប់គ្រង នឹងផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋ អំពីគម្រោងដែលត្រូវធ្វើ ហើយប្រជាពលរដ្ឋ អាចទៅមើលផ្ទាល់តែម្ដងក៏បាន ថាបានធ្វើឬក៏អត់ និងធ្វើបានប៉ុន្មានហើយ។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល សូមធ្វើការធានាជូននូវតម្លាភាព និងការប្រើប្រាស់ ឲ្យចំគោលដៅនៃថវិកា សម្រាប់ធ្វើផ្លូវក្រវាត់តាមព្រំដែន ហើយការងារនេះ នឹងធ្វើជាជំហានៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការដែលរាជរដ្ឋាភិបាល ត្រូវធ្វើដើម្បីការពារទឹកដី រួមមាន៖ បន្តបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាងឲ្យចប់សព្វគ្រប់, អភិវឌ្ឍន៍តំបន់ព្រំដែន, ជំរុញកំណើនប្រជាជន និងការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរព្រះគុណ ព្រះមហាស្សត្រ ហ្លួងយាយ ព្រះសង្ឃ និងអរគុណប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានចូលរួមមូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ផ្លូវក្រវាត់ព្រំដែននៅសល់ប្រវែងប្រមាណ១,៣០០គីឡូម៉ែត្រទៀត។ កាលពីចុងខែកក្កដា សម្តេចបានចុះហត្ថលេខាលើផែនការសាងសង់បញ្ចប់ផ្លូវនេះ ដោយប្រើរយៈពេល១០ឆ្នាំ ជាមួយថវិកា ជាង២០០លានដុល្លារ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា មកដល់ពេលនេះ មានពលរដ្ឋប្រមាណ៤០ម៉ឺននាក់ហើយ បានចូលរួមក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ សម្តេចធិបតី ក៏សូមអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមថវិកាក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផងដែរ។
សូមរំលឹកថា តាមរយៈសេចក្ដីថ្លែងការណ៍ បង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។
បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលជាគំនិតផ្ដួចផ្ដើម ដោយផ្ទាល់របស់សម្ដេចនៅពេលនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល៕