(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងរៀបចំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តីប្រមាណ ៥០០នាក់។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីឲ្យបានយល់ជ្រួតជ្រាបច្បាស់លាស់ និងស៊ីជម្រៅ ពាក់ព័ន្ធនឹងសាវតា, វឌ្ឍនភាព និងការទាញយកផលប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នៅក្នុងក្របខ័ណ្ឌនៃការកសាងរដ្ឋ ដែលមានសមត្ថភាព, មានអធិបតេយ្យភាព និងបូរណភាពទឹកដី, មានកម្លាំងធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចគ្រប់គ្រាន់ជាដើម។
សិក្ខាសាលានឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនចំនួន២ រូប គឺ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕