(ក្រចេះ)៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា រយៈពេល២ឆ្នាំចុងក្រោយ កម្ពុជាសម្រេចបានជោគជ័យដ៏ធំក្នុងការអភិរក្សផ្សោតកើនដល់១០៥ក្បាល។
កញ្ញា អ៉ឹម រចនា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបប្រជុំនិងពិភាក្សាជាមួយ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះនិងឆ្មាំទន្លេ ដើម្បីពង្រឹងវិធានការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
កម្មវិធីជួបសំណេះសំណាលនេះ មានការចូលរួមពី លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល, លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅចំពោះមុខឆ្មាំទន្លេមេគង្គក្នុងខេត្តក្រចេះ ចំនួន៤៤រូប មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្រ្តីឆ្មាំទន្លេ ដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចដោយមិនខ្លាចការនឿយហត់ឆ្លាស់វេនគ្នាការពារ និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់ការពារ ២៤ម៉ោងលើ២៤ម៉ោងជារៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយ ការនេសាទដោយប្រើមងក្រឡាធំនិងឧបករណ៍ឆក់ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះនៅតែមាន និងអាចបង្កហានិភ័យដល់អាយុជីវិតសត្វផ្សោត។
កញ្ញា អ៉ឹម រចនា បានលើកទឹកចិត្តនិងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឆ្មាំទន្លេទាំងអស់ នឹងរួមសហការគ្នាដើម្បីពង្រឹងវិធានការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីធានានិរន្តរភាពសត្វផ្សោតដែល់ជារតនសម្បត្តិរបស់ជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាជននៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា «ជោគជ័យដ៏ធំដែលកម្ពុជាសម្រេចបានក្នុងការអភិរក្សផ្សោត គឺកំណើនសត្វផ្សោតពីចំនួន ៩២ក្បាល ដល់ ១០៥ក្បាល ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលនេះគឺជាសមិទ្ធផលជាទីមោទនៈសម្រាប់កម្ពុជា ដែលកើតចេញពីកិច្ចខំប្រឹងប្រែងរបស់មន្រ្តីឆ្មាំទន្លេអភិរក្ស»។
ជាថ្មីម្ដងទៀត តាំងនាមឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កញ្ញា អ៉ឹម រចនា បានមានប្រសាសន៍ថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនិងសមត្ថភាព ផ្សព្វផ្សាយពីការងារអភិរក្សសត្វផ្សោតនេះ ឱ្យបានទូលំទូលាយថែមទៀតទៅកាន់សាធារណជនឱ្យបានជ្រាបកាន់តែច្បាស់ ជាពិសេសអំពីតម្លៃនៃការលះបង់របស់បងប្អូនឆ្មាំទន្លេនៅក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ៕