(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ​ជូនសិស្ស​មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីប្រគល់វិញ្ញាបន​បត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្ស និងសិក្ខាកាមមេធាវី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សមេធាវី និង សិក្ខាកាមមេធាវី បានឆ្លើយតបទៅនឹងយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល, ជាពិសេសបានឆ្លើយតបទៅនឹងមុំទី ៤. អាទិភាពការងារទី១ គឺ «ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង ប្រសិទ្ធភាព បរិមាណ គុណភាព និង ភាពឆាប់រហ័សន ការដោះស្រាយវិវាទក្នុង និង ក្រៅប្រព័ន្ធតុលាការ»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិជ្ជាជីវៈមេធាវី គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋ តាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជន ក្រីក្រ, កម្មករ-និយោជិត, គ្រូបង្រៀនដោយឥតគិតថ្លៃ និង ការផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានដល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំ ភូមិ និងសាធារណជនទូទៅ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និង សូមកោតសរសើរចំពោះការដឹកនាំរបស់លោក លី ច័ន្ទតុលា និងអតីតប្រធានគណៈមេធាវី ដែលបានខិតខំអស់ពីកម្លាំងកាយ ចិត្ត និង បញ្ញា ជំរុញឱ្យគណៈមេធាវីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះចក្ខុវិស័យ គោលនយោបាយ និង សកម្មភាព ការងាររបស់គណៈមេធាវី ជាពិសេសសកម្មភាពផ្ដល់ជំនួយផ្នែកច្បាប់, ផ្សព្វផ្សាយច្បាប់ និង ពង្រឹងនីតិរដ្ឋពេលកន្លងមក។ សកម្មភាពទាំងនេះ បានឆ្លើយតបទៅនឹង យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១, ជាពិសេសមុំទី៤ «ការលើកកម្ពស់ និង ពង្រឹងប្រសិទ្ធភាពច្បាប់ និង ប្រព័ន្ធ យុត្តិធម៌» ដែលមានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ, ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពាន ដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែល ជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម, សណ្ដាប់ធ្នាប់សាធារណៈ និង ភាពសុខដុមរមនាក្នុងសង្គមជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែគាំទ្រចំពោះសកម្មភាពគណៈមេធាវី តាមរយៈការផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ស្ត្រី និង ក្មេងស្រីរងគ្រោះ, ស្នើតែងតាំងតំណាងគណៈមេធាវីជាសមាជិកអាជ្ញាធរជាតិ និង គណៈកម្មាធិការនានា ដូចជាគណៈកម្មាធិការដឹកនាំ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, គណៈកម្មាធិការ រៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោល នយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក, អនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាត
ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានទទួលស្គាល់តួនាទីរបស់មេធាវី ក្នុងការ​ចូល​រួមពង្រឹងនីតិរដ្ឋ តាមរយៈការតែងតាំងមេធាវីជា ទីប្រឹក្សាច្បាប់ ជាមេធាវីប្រចាំរដ្ឋបាល​រាជធានី​-ខេត្តជាដើម។ ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលនឹងនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និង ខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានផ្ដល់ថវិកាដល់គណៈមេធាវីចំនួន ២, ៩០០លានរៀលក្នុងមួយឆ្នាំ តាមរយៈកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ចំនួន ២,៦០០ លានរៀល និង កញ្ចប់ថវិការបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីចំនួន ៣០០លានរៀល សម្រាប់ជួយការពារក្តី និង ពិគ្រោះយោបល់ ផ្នែកច្បាប់ដល់ជនក្រីក្រ ស្រ្តី និង ក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងអំពើបំពានលើសិទ្ធិ កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាន បន្តចាត់ទុក «ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌» ជាការងារអាទិភាព និង បានរៀបចំការងារ កែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង៥ ដែលបង្កើតបានជាស្នូលនៃ យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យ កាន់តែប្រសើរ, រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ច​ជូនក្រសួងយុត្តិធម៌ រៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវ​កិច្ចការអាទិភាព​សំខាន់ៗចំនួន៣ រួមមាន៖ (ទី១). ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើ យន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២). ការជំរុញ និង ពន្លឿនការដោះស្រាយសំណុំរឿងក្តី នៅតាមតុលាការឱ្យបានឆាប់រហ័ស, និង (ទី៣). ការត្រួតពិនិត្យ និង ដោះស្រាយភាពមិន ប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់ តម្លាភាព សុចរិតភាព និង ភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការបញ្ចូលគណៈមេធាវីជាសមាជិកនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធ
យុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាល បានចាត់ទុកគណៈមេធាវីជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការធ្វើអន្តរកម្មរវាងមេធាវីដែលជាអ្នកចូលរួមអនុវត្តច្បាប់ផ្ទាល់ជាមួយក្រសួងយុត្តិធម៌។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិជ្ជាជីវៈមេធាវី ជាតួអង្គមួយយ៉ាង សំខាន់ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជំរុញដោះស្រាយសំណុំរឿងដែលកក់ស្ទះនៅតុលាការ គឺជារឿងចាំបាច់។ សម្តេចធិបតី បានគាំទ្រយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈមេធាវី សម្រាប់ការចូលរួមក្នុងកិច្ចការសង្គមនានា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើយន្តការច្បាប់ បានរួមចំណែកយ៉ាងសំខាន់សម្រាប់ធានានូវសិទ្ធិសេរីភាព​បញ្ចេញមតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលមានត្រូវការសេចក្តីសុខ​សម្រាប់ការរស់នៅ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃ១៨ ខែសីហា គេព្យាយាមយកលេសប្រើសិទ្ធិបញ្ចេញមតិ តែបម្រើដល់គោលដៅផ្សេង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើច្បាប់ទប់ស្កាត់ថ្ងៃទី១៨ ខែសីហា គឺជាជម្រើសត្រឹមត្រូវធានាដល់សន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលហេតុធំដែលខ្មែរបាត់បង់ទឹកដីក្នុងប្រវត្តិសាស្ត្រ គឺការបែកបាក់ជាតិ។ យកបញ្ហាភ័យព្រួយពីខាងក្រៅ បង្កើតទៅជាការបែកបាក់ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរបានបែកបាក់ក្នុងប្រវត្តិសាស្ត្រច្រើនហើយ មិនត្រូវបណ្តោយឱ្យមានការបែកបាក់ជាតិនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខ្មែរភាគច្រើនបានកង្វល់ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ ប៉ុន្តែមិនចង់ឱ្យមានការបែកបាក់ជាតិនោះឡើយ។ ផ្ទុយទៅវិញមនុស្សមួយក្តាប់តូចបានយកព្រឹត្តិការណ៍នេះ ទៅបម្រើបំណងផ្តួលរលំរាជរដ្ឋាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តចំពោះយុវជនក្រុមប្រឆាំងរស់នៅជប៉ុន លោក ហៃ វណ្ណា ដែលបានប្រកាសជំរុញឱ្យពលរដ្ឋបង្កការចលាចលក្នុងស្រុក ធ្វើឱ្យសេដ្ឋកិច្ចខ្មែរដួលរលំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋភាគច្រើន ដែលមិនចូលរួមសកម្មភាពជ្រុលនិយមជាមួយក្រុមប្រឆាំងបំផ្លាញប្រទេសជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃទី១៨ ខែសីហា មានពលរដ្ឋមួយចំនួនធ្វើដំណើរចេញក្រៅក្រុង ព្រោះបារម្ភពីបញ្ហាអសន្តិសុខ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការទប់ស្កាត់ការបង្កអសន្តិសុខថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋដែលត្រូវការស្ថេរភាពសង្គម ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការទប់ស្កាត់ការបង្កអសន្តិសុខថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពាររដ្ឋធម្មនុញ្ញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មទៅនឹងក្រុមសិទ្ធិមនុស្សថា ពេលរៀបចំធ្វើសកម្មភាពខុសច្បាប់បង្កអសន្តិសុខអត់ណែនាំ ដល់សមត្ថកិច្ចចាត់វិធានការច្បាប់បែរជាប្រតិកម្មថាធ្វើខុសច្បាប់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកាសាធារណៈមិនចាំបាច់ជួបគ្នាផ្ទាល់នោះទេ ការបញ្ចេញមតិលើបណ្តាញសង្គម ក៏ជាវេទិកាបញ្ចេញមតិជាសាធារណៈផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការដែលរាជរដ្ឋាភិបាលត្រូវធ្វើដើម្បីការពារទឹកដី រួមមាន៖ បន្តបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យចប់សព្វគ្រប់, អភិវឌ្ឍន៍តំបន់ព្រំដែន,ជំរុញកំណើនប្រជាជន និងការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះគុណព្រះមហាស្សត្រ ហ្លួងយាយ ព្រះសង្ឃ និងអរគុណប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវក្រវាត់ព្រំដែននៅសល់ប្រវែងប្រមាណ ១,៣០០គីឡូម៉ែត្រទៀត។ កាលពីចុងខែកក្កដា សម្តេចបានចុះហត្ថលេខាលើផែនការសាងសង់បញ្ចប់ផ្លូវនេះ ដោយប្រើរយៈពេល១០ឆ្នាំ ជាមួយថវិកា ជាង ២០០លានដុល្លារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មានពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ហើយ បានចូលរួមក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថវិកាក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រូវការប្រើកងកម្លាំងដើម្បីការពារព្រំដែននោះទេ គឺត្រូវប្រើពលរដ្ឋជាបង្គោលព្រំដែនរស់ ដើម្បីការពារព្រំដែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត តបទៅលោក សាពូន មីដាដា ថា មិនផ្តល់ដីតាមសំណូមពរទេ ព្រោះលោកមានដីហើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចំណាយលើកម្មវិធីនាំពលរដ្ឋទៅលេងព្រំដែន មិនបានប្រើថវិកាជាតិនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តនឹងនិស្សិតរៀននៅជប៉ុន បែរជាអាត្មានិយមដុតផ្ទះខ្លួនឯងចោល ព្រោះចង់ចំអិនពងមាន់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តមេធាវីទាំងអស់ បោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី ដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានភាពជាអ្នកដឹកនាំល្អ ប្រកបដោយគុណធម៌ និង បុរសកម្មជានិច្ច ដើម្បីបន្តដឹកនាំគណៈមេធាវី ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅរួមចំណែកឱ្យកាន់តែច្រើនដល់ការលើកកម្ពស់នីតិរដ្ឋ ការពង្រឹងគោរពច្បាប់ និង យុត្តិធម៌សង្គមជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈមេធាវី ត្រូវបន្តយកចិត្តទុកដាក់លើការបន្តការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាពមេធាវីទាំង ជំនាញរឹង និងជំនាញទន់ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធានវិជ្ជាជីវៈ និង ក្រមសីលធម៌ មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូបណ្តុះបណ្តាល ប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យមាន​លក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់​ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និង ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និង កុមារ និង ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ដល់សាធារណជន, ព្រមទាំង ចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំង អំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យ យុត្តិធម៌។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងយុត្តិធម៌ សហការជាមួយគណៈមេធាវី ដើម្បី​ពិនិត្យ​ការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះ​បានអនុវត្តអស់រយៈពេលជិត៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និង ឧត្តមានុវត្ត, ដូចជាការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និង របៀបនៃការ បោះឆ្នោតជ្រើសរើសប្រធាន និង ក្រុមប្រឹក្សាគណៈមេធាវីជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់មេធាវីគ្រប់រូប បន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេសបន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងផ្លូវក្រវាត់តាមព្រំដែន នឹងបង្កើតគណៈកម្មការ ដើម្បីរៀបចំការចំណាយថវិកាក្នុងការសាងសង់ឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពលម្អិតអំពីការចំណាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖២០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕