(កំពង់ឆ្នាំង)៖ គ្រួសារក្រីក្រ២គ្រួសារ ដែលមានកូនភ្លោះ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលអំណោយពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងអំណោយរបស់សាខាកាកបាទក្រហមស្រុកកំពង់លែង។
លោក ឈួន ឈឿន មេភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង បានឲ្យដឹងថា ដោយមើលឃើញពីជីវភាពខ្វះខាតរបស់គ្រួសារទាំង២ខាងលើនេះ លោកក៏បានប្រកាសស្នើ សុំដល់សប្បុរសជន និងសាខាកាកបាទក្រហម ដើម្បីសុំជួយឧបត្ថម្ភដល់គ្រួសារក្រីក្រដែលមានកូនភ្លោះទាំង២គ្រួសារ និងកំពុងជួបការលំបាកដោយមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពក្នុងការរកប្រាក់ទិញទឹកដោះឲ្យកូនបៅ។
លុះនៅព្រឹកថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤នេះ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារសហការជាមួយសាខាកាកបាទក្រហម ស្រុកកំពង់លែងបាននាំយកគ្រឿងឧបភោកបរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារក្រីក្រទាំងពីរខាងលើនេះ។
លោកមេភូមិបានបញ្ជាក់ឲ្យដឹងទៀតថា គ្រួសារក្រីក្រទាំង ពីរគ្រួសារខាងលើនេះ គ្រួសារទី១- ប្ដីឈ្មោះ សុខ សាន្ត អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ម៉ៅ ស៊ីណា អាយុ៣៥ឆ្នាំ មាន កូនក្នុងបន្ទុក៦នាក់ កូនពៅភ្លោះចំនួន២នាក់។ គ្រួសារទី ២-ឪពុកឈ្មោះ ខឹម ខា អាយុ៣៥ឆ្នាំ ម្ដាយឈ្មោះ ដួង វ័នអាយុ២៩ឆ្នាំ មានកូននៅក្នុងបន្ទុក៥នាក់ និងកូនពៅចុង ក្រោយភ្លោះចំនួន២នាក់ផងដែរ។
ដោយឡែកអំណោយដែលទទួលបានកាលពីព្រឹកមិញនេះ គឺក្នុងលោកគ្រួសារ អង្ករ១បេស្មើនឹង២០គីឡូក្រាម, មី១កេះ, ទឹកត្រីមួយយួរ, ត្រីខ១យួរ, សារុង១, មុង១ និងថវិកា២០ម៉ឺនរៀល។
ទាំង២គ្រួសារ បន្ទាប់ពីទទួលបាននូវអំណោយ និងថវិកាពួកគាត់ក៏បានថ្លែងអំណរគុណដ៏ជ្រៀលជ្រៅដល់លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងថ្លែងអំណរគុណ ដល់សាខាកាកបាទក្រហមកម្ពុ ជាសាខាស្រុកកំពង់លែង ដែលបានលះបង់ពេលវេលាជិះ ទូកផ្លូវឆ្ងាយនាំយកអំណោយមកជូនដល់ពួកគាត់ដែលកំពុងជួបការលំបាកនៅឆ្ងាយដាច់ស្រយាល គុណដ៏វិសេសវិសាលខាងលើនេះ ពួកគាត់នឹងចង់ចាំជានិច្ចមិនអាចបំភ្លេចបានឡើយ៕