(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥ ២០២៧) ក្រោមវត្តមានរបស់លោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក កងកម្លាំង មន្ទីរទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងអង្គការសង្គមស៊ីវិល និងអង្គការដៃគូរជាច្រើនផងដែរ។

លោក សុខ ថុល បានលើកឡើងថា វេទិកាពិគ្រោះយោបល់ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) គឺដើមី្បផ្តល់ឱកាសឲ្យបានពេញលេញ ជូនដល់សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល បានធ្វើការពិនិត្យ ដើម្បីឲ្យវាត្រឹមត្រូវទៅតាមគម្រោង និងសកម្មភាពអាទិភាព ដែលបានលើកឡើងដោយមន្ទីរ អង្គភាព ក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អង្គការសង្គមស៊ីវិល អង្គការដៃគូរអភិវឌ្ឍនានាក្នុងខេត្ត។

លោកបន្តថា ការស្នើសុំបញ្ចូលគម្រោង សកម្មភាពជាអាទិភាព ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តសៀមរាប និង ដើមី្បធ្វើការផ្សព្វផ្សាយទៅដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរនូវប្រភពមូលនិធិ សម្រាប់គាំទ្រលើគម្រោង សកម្មភាព របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ដែលពុំទាន់មានប្រភពថវិកាសម្រាប់អនុវត្តនៅឡើយ។

លោក សុខ ថុល ក៏បានលើកនូវបទពិសោធន៍ល្អៗមួយចំនួន ដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុង ស្រុក ព្រមទាំងអង្គការដៃគួរ បានចូលរួមអនុវត្តនៅរៀងរាល់ឆ្នាំ ដោយទទួលបានលទ្ធផលជាផ្លែផ្កា ដែលនៅគ្រប់មូលដ្ឋានទទួលបាន។ លោកបន្តថា ក្នុងអង្គវេទិកាពិគ្រោះយោបល់ក្នុងថ្ងៃនេះ ក៏ជាការប្រមូលផ្តុំនូវរាល់មតិយោប់ និងបទពិសោធន៍នៅតាមបណ្តាក្រុង ស្រុក និងមន្ទីរ អង្គភាព ក៏ដូចអង្គការដៃគូរ ដែលបានលើកឡើង ដើមី្បជាធាតុចូលក្នុងការឆ្លុះបញ្ចាំងទៅលើការអនុវត្តនៅ ឆ្នាំខាងមុខឲ្យទទួលបានជោគជ័យ។

លោកបានបន្តទៀតថា កម្មវិធីវិនិយោគបីឆ្នាំរំកិល និងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ គោលនយោបាយនេះ គឺជាមុំមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្ថែមថា គោលបំណងដ៏ចម្បង នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺតម្រូវឲ្យមានការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឲ្យចូលកៀកទៅជិតប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេសយើងផងដែរ។

លោកបញ្ជាក់ថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រព្រឹត្តទៅទទួលបានផ្លែផ្កាជាវិជ្ជមាន រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រាព័ត៌មានសំខាន់ៗ ជាពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍គម្រោងក្នុងដែនដីរបស់ខ្លួន ព្រមទាំងឈ្មោះគម្រោងទីតាំងគម្រោង ដែលត្រូវអនុវត្តន៍ក្នុងដែនដីរបស់ខ្លួនប្រកបដោយតម្លាភាព។

លោកសង្ឃឹមថា គម្រោងនឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឲ្យការវិនិយោគ និងការអភិវឌ្ឍនៅមូលដ្ឋាន ប្រព្រឹត្តទៅដោយរលូន ដោយសង្គតិភាព និងមានប្រសិទ្ធភាពផងដែរ៕