(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកម្មវិធី «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ «ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជា ឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្ដរភាព» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
កម្មវត្ថុចម្បង នៃវេទិកាស្រូវអង្ករកម្ពុជាឆ្នាំ២០២៤នេះ គឺដើម្បីផ្សព្វផ្សាយអំពីសក្តានុពល នៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាព ផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យស្រូវអង្ករកម្ពុជា។
លើសពីនោះទៀត ចែករំលែកពីនិន្នាការនៃទីផ្សារ ការដាំដុះ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ការដាំដុះស្រូវ ការកិនកែច្នៃស្រូវអង្ករ ចែករំលែកដល់អង្គវេទិកាស្តីអំពីទស្សនៈវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលលើវិស័យស្រូវអង្ករកម្ពុជា និងស្វែងរកធាតុចូល និងអនុសាសន៏នានាសម្រាប់លើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា។
ពិធីបើកនៃវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ដេរិក យីប ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា។
សម្រាប់ពិធីបិទ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីលោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាថ្នាក់ដឹកនាំនៃស្ថាប័នក្នុងរាជរដ្ឋាភិបាល អគ្គរាជទូត អគ្គរដ្ឋទូត អ្នកនាំចេញ អតិថិជនអ្នកនាំចូលអន្តរជាតិ សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ឋចំនួន ៤០០ នាក់។
លើសពីនេះ នៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក៏មានការចូលរួមធ្វើបទបង្ហាញ និងពិភាក្សាពីអ្នកជំនាញសំខាន់ៗពីថ្នាក់ជាតិ និងអន្តរជាតិ ទៅលើ
ប្រធានបទសំខាន់ចំនួន ៣ ដូចខាងក្រោម៖
១៖ «គន្លឹះសំខាន់នៃភាពប្រកួតប្រជែង និងភាពធន់លើការធ្វើកសិកម្មដាំដុះស្រូវនៅកម្ពុជា»
២៖ «គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អ និងនិរន្តភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ»
៣៖ «និន្នាការទីផ្សារអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង»៕