(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋចំនួនពីរភូមិ មានភូមិស្រែស្រណុក និងភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង រៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រលប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ។
ពិធីចែកត្រូវបានធ្វើឡើងនៅបរិវេណសាលាឃុំក្បាលរមាស ស្រុកសេសាន នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោកស្រី កុត ប៊ុនមី សមាជិកាក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក សរ សុពុត្រា អភិបាលខេត្ត និងការអញ្ជើញចូលរួមពីសំណាក់មន្ទីរអង្គភាពមួយចំនួនជុំវិញខេត្ត អភិបាលស្រុកសេសាន មេឃុំ និនងប្រជាពលរដ្ឋជាច្រើននាក់។
លោក ទេព ឌីលី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្រុមការងារមន្ទីរបានវាស់វែងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិស្រែស្រណុកបានចំនួន៧០៣ក្បាលដី និងស្នើសុំចេញបណ្ណចំនួន៣៨៣ក្បាលដី ស្នើនិង១៩២គ្រួសារ ដោយឡែកភូមិក្របីជ្រុំ បានចុះវាស់វែង និងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន៨៥៩ក្បាលដី និងស្នើរសុំចេញបណ្ណចំនួន៤៥១ក្បាលដី ស្មើនិង២២៦គ្រួសារ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំងពីរភូមិ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ លោកអភិបាលខេត្តថា ការទទួលបានប័ណ្ណនេះ គឺបង្ហាញពីការទទួលបាននូវសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ហើយប័ណ្ណនេះដែរ ក៏មិនត្រឹមតែបង្ហាញពីកាន់កាប់ទ្រព្យ ឬមរតកប្រកបដោយស្របច្បាប់ពិតប្រាកដទេ តែក៏ជាផ្នែកមួយនៃឈានទៅបញ្ជប់ការទំនាស់ដីធ្លីរវាងឪពុក កូន បងប្អូន ដែលបែងចែកទ្រព្យគ្នាមិនច្បាស់ផងដែរ។
លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តថា អ្នកដែលមានឈ្មោះនៅក្នុងបណ្ណនេះគឺជាម្ចាស់អចនទ្រព្យ ហើយមានសិទ្ធិបែងចែកជាបន្តបន្ទាប់ទៀតទៅកាន់អ្នកដែលគាត់សម្រេចចង់បែងចែក។
ការសម្រេចបានជោគជ័យ ក្នុងការចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាសមិទ្ធផលមួយដែលមិនអាចកាត់ផ្តាច់ពីការចូលរួមពីភាគីពាក់ព័ន្ធ មានអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងការសហការពីប្រជាពលរដ្ឋទាំងអស់គ្នា។
លោកបានគូសបញ្ជាក់ថា សមិទ្ធផលនេះក៏ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ដែលទទួលបានស្ថិតក្រោមមាគ៌ាសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕