(សៀមរាប)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងសមត្ថភាពគ្រូឧទ្ទេស នៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ក្នុងការបង្រៀនមុខវិជ្ជា «អប់រំសុខភាព» ឆ្លើយតបទៅនឹងកម្មវិធីសិក្សាមុខវិជ្ជា «អប់រំសុខភាព» ដែលមានចែងនៅក្នុងក្របខណ្ឌកម្មវិធីសិក្សាអប់រំចំណេះទូទៅ និងអប់រំបច្ចេកទេស និងក្របខណ្ឌកម្មវិធីសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ តាមរយៈការរៀបចំវគ្គបំប៉ន ស្តីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជា «អប់រំសុខភាព» ដល់គ្រូឧទ្ទេសនៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី យិន យឿត បានថ្លែងអំណរគុណ និងបានចាត់ទុកបញ្ហាសុខភាពជារឿងសំខាន់ ពិសេសបញ្ហាគ្រឿងញៀន ដែលនាំឲ្យសុខភាព មានបញ្ហានឹងក្លាយជាឧបសគ្គចម្បងមួយ រារាំងការទទួលបាននូវការសិក្សាល្អប្រសើរ «ការលើកកម្ពស់សុខភាពសិក្សា» បាននៅតាមគ្រឹះស្ថានសិក្សា គឺធានាដល់សុខភាព សុវត្ថិភាព និងផាសុកភាពដល់អ្នកសិក្សា និងបុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី យិន យឿត បានផ្តល់ការចែករំលែកចំណេះដឹង ដល់សិក្ខាកាមទាំងអស់មាន៖ អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ផលប៉ះពាល់ដល់អ្នកប្រើ គ្រួសារ និងសង្គម ហេតុអ្វីបានគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញយកកម្មវិធីទូរសព្ទដៃ App NoDrug ៖https://nodrugsnacd.com/download ដើម្បីក្លាយជាអាជ្ញាធរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំគ្រួសារ ។

សូមបញ្ជាក់ថា វគ្គបំប៉នមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ដែលមានអ្នកចូលរួមជិត១០០នាក់ មកពីសាលាគរុកោសល្យខេត្ត១៦ ក្រសួង និងដៃគូពាក់ព័ន្ធ៕