(ភ្នំពេញ)៖ បើតាមរយៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាស្វាគមន៍ជានិច្ចចំពោះទស្សនកិច្ចអ្នកជំនាញកសិកម្មចិនមកកាន់កម្ពុជា ដើម្បីចែករំលែកចំណេះដឹងថ្មីៗ នៅក្នុងវិស័យកសិកម្ម មកដល់មន្ដ្រីជំនាញកម្ពុជា ហើយក្រសួងនឹងជួយគាំទ្រ សម្របសម្រួលទាំងផ្លូវច្បាប់ និងបច្ចេកទេសផងដែរ។
ការថ្លែងបែបនេះរបស់លោក ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជំនួបរវាងលោក និងលោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូតចិន ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) សម្រាប់ការអភិវឌ្ឍកសិកម្មរវាងប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធភាព និងមានលទ្ធផលផ្លែផ្កា។
បើតាម លោករដ្ឋមន្ត្រី, កម្ពុជាបើកចំហរនិងស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជាដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់ ដែលអ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជា។
តាមរយៈការវិនិយោគនៅកម្ពុជាដោយផ្ទាល់ អ្នកវិនិយោគនឹងទទួលបានផលចំណេញទាំងនៅលើទីផ្សារចិននិងទីផ្សារអន្តរជាតិ និងអាចជួយលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជាថែមទៀត។
តបតាមសំណើរបស់លោកឯកអគ្គរដ្ឋទូត, លោក ឌិត ទីណា បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់អ្នកជំនាញកសិកម្មចិន មកកាន់កម្ពុជា ដើម្បីចែករំលែកបទពិសោធនិងផ្ទេរចំណេះដឹងថ្មីៗ នៅក្នុងវិស័យកសិកម្ម មកដល់មន្ដ្រីជំនាញកម្ពុជា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា «ក្រសួងនឹងជួយគាំទ្រ ក៏ដូចជាសម្របសម្រួលទាំងផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីឱ្យការងារនេះដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់»។
ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានសម្ដែងសុទិដ្ឋិនិយមខ្ពស់ និងអរគុណចំពោះលោកឯកអគ្គរដ្ឋទូតចិន ដែលយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត និងជំរុញច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) ឱ្យចេញជារូបរាងពិតប្រាកដឆាប់រហ័ស និងទទួលបាននូវសមិទ្ធផលជូនប្រជាជននិងប្រជាជាតិទាំងពីរ៕