(ភ្នំពេញ)៖ ក្រោយពីបញ្ចប់កិច្ចពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ សម្រាប់ឆ្នាំ២០១៧ គណៈកម្មការបច្ចេកទេសត្រីភាគី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានកំណត់តួលេខចំនួន ៣ខុសគ្នា ដើម្បីដាក់ជូនគណៈកម្មការប្រឹក្សាការងារ (LAC) បោះឆ្នោតនៅរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ស្អែក ក្នុងនោះភាគីសហជីពបានកំណត់យកតួលេខ ១៧១ដុល្លារ, ខាងភាគីរាជរដ្ឋាភិបាលកំណត់យកតួលេខ១៤៨ដុល្លារ, ចំណែកឯ ភាគីនិយោជកបានកំណត់យកតួលេខ ១៤៧ដុល្លារ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ភាគីទាំងអស់មានការសម្របសម្រួលគ្នា យោគយល់គ្នាកាន់តែល្អទៅៗ និងកាន់តែមានភាពចាស់ទុំជាងមុនច្រើន ក្នុងនោះ ខាងភាគីសហជីព បានឯកច្ឆ័នគ្នាសម្រេចយកតួលេខ ១៧១ដុល្លារ រីឯភាគីនិយោជក បានដំឡើងតួលេខជាបន្តបន្ទាប់ រហូតដល់ព្រឹកមិញនេះ បានឯកច្ឆ័នគ្នាឡើងដល់ ១៤៧ដុល្លារ សម្រាប់ដាក់ជូនគណៈកម្មការប្រឹក្សាការងារ ពិនិត្យនិងបោះឆ្នោតសម្រេចចុងក្រោយ។
លោក ហេង សួរ បានបន្តថា «ខាងក្រសួងការងារ (តំណាងរាជរដ្ឋាភិបាល) ក៏បានកំណត់តួលេខ ១៤៨ដុល្លារផងដែរ សម្រាប់ដាក់ជូនគណៈកម្មការប្រឹក្សាការងារ ធ្វើការបោះឆ្នោតនៅវេលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែកញ្ញាស្អែកនេះ ដើម្បីសម្រេចចុងក្រោយ និងប្រកាសជាផ្លូវការតែម្ដង»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា ការដែលក្រុមភាគីសហជីពកំណត់យកតួលេខ ១៧១ដុល្លារនេះ ដោយសារខាងភាគីសហជីព មិនចង់ឱ្យមានការបំបែកតួលេខច្រើន ព្រោះតួលេខនេះ គង់ត្រូវធ្វើការបោះឆ្នោតទៀត។
លោក អាត់ ធន់ បានបន្តថា «គំនិតរបស់សហជីព យើងអត់ចង់បានប្រាក់អប្បបរមាហ្នឹងប៉ុន្មានទេ គឺយើងចង់បានប្រាក់ដែលធានាឱ្យកម្មកររស់នៅបានសមរម្យ បើរាជរដ្ឋាភិបាលធានាមិនឱ្យទំនិញ មានការឡើងថ្លៃ និងសេវាផ្សេងៗកុំឱ្យមានការឡើងថ្លៃ កម្មករប៉ុណ្ណឹងក៏មិនអីដែរ តិចជាងហ្នឹងក៏បានដែរ តែធានាអត់បាន»។
ជាមួយគ្នានេះ ខាងភាគីនិយោជក ក៏បានស្នើឱ្យរាជរដ្ឋាភិបាលធ្វើការបន្ធូរបន្ថយផ្នែកមួយចំនួន ដូចជាពន្ធ គយ ជាដើម ដើម្បីឱ្យការចំណាយ និងប្រាក់ចំណេញមានតុល្យភាព។
ដោយឡែក ក្រុមភាគីសហជីពក៏មានស្នើឱ្យរាជរដ្ឋាភិបាល ធ្វើការធានាមិនឱ្យមានការដំឡើងថ្លៃផ្ទះជួល ថ្លៃទឹកប្រើប្រាស់ អគ្គិសនី និងទំនិញ សេវាផ្សេងៗ ដើម្បីឱ្យកម្មករទទួលបានការរស់នៅសមរម និងសុខដុមនីយកម្មផងដែរ។
ទោះជាយ៉ាងណា ខាងភាគីសហជីពនៅតែរំពឹងទុកថា នឹងមានការបន្ថែមប្រាក់ឈ្នួលជូនកម្មករបន្ថែមទៀត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើតួលេខដែលគណៈកម្មការប្រឹក្សាការងារ បានបោះឆ្នោតសម្រេច នៅថ្ងៃស្អែកនេះ ដែលករណីនេះត្រូវបានលោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានបង្ហើបឱ្យដឹងថា ប្រហែលជាសម្ដេចតេជោ នាយករដ្ឋមន្រ្តីនឹងដំឡើងចំនួន ៥ដុល្លារ ដូចឆ្នាំ២០១៦ដែរ។
រាជរដ្ឋភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ និយោជិតផ្នែកវាយនភ័ណកាត់ដេរសំម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ហើយប្រាក់ឈ្នួលអប្បបរមា របស់កម្មករកម្ពុជា នៅឆ្នាំ២០១៦នេះ បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងទៀត៕