(កំពង់ចាម)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តត្បូងឃ្មុំ អភិបាលរងខេត្តកំពង់ចាប់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន៣ខ្សែ ដោយខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងកំណាត់ខ្សែផ្លូវនេះត្រូវបានស្ថាបនាឡើងជាពីរប្រភេទ គឺប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១៣,១១៥គីឡូម៉ែត្រ ទទឹង ៦,៥ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ០,២៥ម៉ែត្រ និងផ្លូវក្រាលបេតុងមានប្រវែង៤,៤៣៥គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ០,២៥ម៉ែត្រ និងមានរៀបថ្មតាមជើងទេរប្រវែង ៨៨៥ម៉ែត្រ សាសង់ប្រឡាយរៀបថ្មធំសម្រាប់រំដោះទឹកប្រវែង ៩ ០២១ ម៉ែត្រ សាសង់លូប្រអប់ចំនួន ៣០កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ១៥៧កន្លែង និងបង្គោលសុវត្ថិភាពចំនួន ១ ២៤០កន្លែង។ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។
ខ្សែទី២ មានប្រវែង ១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ក្នុងកំណាត់ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទកៅស៊ូពីរជាន់ (DBST) ប្រវែង ១០,៤៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ជើមសងខាងផ្លូវប្រវែង ០,២៥ម៉ែត្រ និងផ្លូវក្រាលបេតុងប្រវែង ២,០២៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ជើមសងខាងផ្លូវប្រវែង ០,២៥ម៉ែត្រ សាងសង់លូបេតុងអ៊ុយ ប្រវែង ២ ៣០០ម៉ែត្រ លូប្រអប់ចំនួន ០១កន្លែង លូមូលចំនួន ១១កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៦៤កន្លែង បង្គោលសុវត្ថិភាពចំនួន ២៧៩បង្គោល។ ជាលទ្ធផលសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤។ ផ្លូវទាំងពីរខ្សែនេះជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោងប្រគួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ឥណទានរបស់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ឥណទានឥតសំណងកាត់បន្ថយភាពក្រីក្រជប៉ុន និងឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។
គម្រោងនេះ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងស្ថាបនាផ្លូវប្រវែងសរុប ១១០,៥៥ គីឡូម៉ែត្រក្នុងខេត្តគោលដៅចំនួនចំនួន ៦គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រះវិហារ សៀមរាប និងឧត្ដរមានជ័យ និងខ្សែទី៣ មានប្រវែង ១២,៣០០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិព្រះពន្លា ឃុំកណ្ដោលជ្រុំឆ្ពោះទៅភូមិពង្រ ឃុំនាងទើត ស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ ក្នុងក្របខណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានធនាគារពិភពលោក ។ ជាលទ្ធផលសម្រេចបានប្រមាណ ៣០% គ្រោងនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ក្រុមអ្នកបច្ចេកទេសប្រចាំការនៅការដ្ឋាន ត្រូវជម្រុញការស្ថាបានឱ្យបានទាន់ពេលាដែលបានកំណត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូអង្វែង ព្រមទាំងសំណូមពរសុំឱ្យអាជ្ញធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អ ប្រើសប្រាស់បានយូរអង្វែងផងដែរ។
នាឱការអញ្ជើញចុះត្រួតពិនិត្យខ្សែផ្លូវទាំង ៣ខ្សែនេះផងដែ លោករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ៕