(ភ្នំពេញ)៖ «ខ្មែរឈ្លោះខ្មែរ ដីកាន់តែរួម» គឹជាពាក្យដែលគេតែងឮពីដូនតាខ្មែរនិយាយតាំងពីដើមរៀងមក។ តាំងពីសតវត្សទី៩នៃសម័យអង្គរ ដែលប្រវត្តិសាស្ត្រ បានចារឹកនូវទំហំទឹកដីអាណាចក្រកម្ពុជា ដ៏ធំល្វឹងល្វើយនៅអាស៊ីអាគ្នេយ៍ ដោយរួមមានបញ្ចូលទាំងទឹកដីនៃប្រទេសលាវ ថៃ វៀត ណាម មីយ៉ាន់ម៉ា និងមួយផ្នែកនៃទឹកដីចិនភាគខាងត្បូងទៀតដែរនោះ ទឹកដី នៃមហានគររបស់ខ្មែរ ត្រូវបានរបេះបន្តិចម្តងៗ ដោយសារតែសង្គ្រាមដណ្តើមអំណាច ជាពិសេសវិវាទរវាងផ្ទៃក្នុងរបស់អ្នកដឹកនាំខ្មែរ ដែលហែកហួរគ្នាមិនចេះចប់មិនចេះហើយ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរត្រូវបានធ្លាក់ក្នុងឧបាយកលនយោបាយឱ្យឈ្លោះគ្នា និងគ្នា ថែមទៀត តាមរយៈការបង្កើតរឿងអតីតព្រះប្រមុខរដ្ឋព្រះ នរោត្តម សីហនុ លក់ទឹកដី ឱ្យយួនយៀកកុង យៀកណាមខាងជើង។ រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងព្រះមុខរដ្ឋ ដោយសារតែលង់ នឹងឧបាយកលចោទថាមានការបាត់បង់ទឹកដីខ្មែរឱ្យទៅប្រទេសវៀតណាម។ ប៉ុន្តែក្រោយសង្គ្រាមបានបញ្ចប់ការពិតបានបង្ហាញថា មិនមានទឹកដីមួយចំរៀកណាត្រូវបានកាត់ ឬ បាតបង់ទៅវៀតណាម ដូចអ្វីដែលពួកគេបានធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះករុណា អតីតព្រះមហាក្សត្រខ្មែរ កាលពីខែមីនា ឆ្នាំ១៩៧០ នោះឡើយ។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បានព្យាយាមប្រើលេសនេះសាជាថ្មីដើម្បីបង្កាត់ភ្នក់ភ្លើង សង្គ្រាម។

សង្គ្រាមអូសបន្លាយរយៈពេល២៨ឆ្នាំ និងបើគ្មាននយោបាយឈ្នះ-ឈ្នះដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពន្លត់សង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នោះទេ ម្ល៉េះទឹកដីរបស់កម្ពុជាមិនដឹងជារលាយបាត់បង់អស់យ៉ាងណាឡើយ។ ប្រជាជនកម្ពុជា បានប្តេជ្ញាថាមិនឱ្យប្រវត្តិសាស្ត្រដដែលអាចកើតឡើងសាជាថ្មីវិញបានឡើយលើទឹកដី នៃប្រទេសកម្ពុជានេះ។

ខណៈដែលរាជរដ្ឋាភិបាលបច្ចុប្បន្ន បានរៀបចំការបោះបង្គោលព្រំដែនសាឡើងវិញ ជាមួយនឹងកិច្ចសហការស្មើមុខមាត់ជាមួយប្រទេសជិតខាងយើង តាមផែនទីបោន ដែលរក្សាតម្កល់ទុកនៅអង្គការសហប្រជាជាតិ និងទន្ទឹមកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា វៀតណាម ឡាវ តាមគម្រោងចក្ខុវិស័យការអភិវឌ្ឍន៍តំបន់ត្រីកោណ ដើម្បីធ្វើឱ្យតំបន់ដាច់ស្រយាលមានការអភិវឌ្ឍន៍តាមចក្ខុវិស័យរៀបចំរបស់អាស៊ាន មេខ្លោងក្រុមជ្រុលនិយមឈ្មោះ សម រង្ស៊ី ស្រាប់តែបានបង្កើតនូវលេសចោទប្រកាន់ផ្សេង ក្នុងបំណងធ្វើឱ្យខ្មែរឈ្លោះខ្មែរគ្នាឯង។

គេស្ទើរមិនជឿសោះថា ឈានមកដល់សតវត្សទី២១នេះហើយ ក្នុងពេលដែលប្រជាជននៃ ព្រះរាជាណាចក្រកម្ពុជាកំពុងតែសប្បាយរីករាយ នឹងសមិទ្ធផលដែលទទួលបានជាបន្តបន្ទាប់ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជាអស់សង្គ្រាម មានសន្តិភាពពិតប្រាកដ និងកិត្យានុភាពជាតិកំពុងតែទទួលស្គាល់សុះសាយពីបណ្តាប្រទេសនៅលើសកលលោកនោះ ក្រុមជ្រុលនិយម ហាក់ដូចជាមានចេតនា ចង់ធ្វើឱ្យមានការសង្ស័យថា មានអំពើកាត់ទឹកដីឱ្យ វៀតណាមជាថ្នូរនៃការកាន់អំណាច។

ការបង្កើតលេសនានា រាប់តាំងពីការចោទប្រកាន់លើគម្រោងជីកព្រែកហ៊្វូណនតេជោ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ និងការចោទចុងក្រោយ គឺការកុហកថាមានការបាត់បង់ទឹកដីខ្មែរ ដោយផ្អែកលើផែនទី Google Map។ ហេតុអ្វីបានជាយកអនាគតនៃទឹកដីរបស់ខ្មែរ ទៅផ្អែកលើផែនទី Google Map ដែលជាក្រុមហ៊ុនរកស៊ីឯកជននោះទៅវិញ? តើការដោះស្រាយលើបញ្ហាជម្លោះព្រំដែនខ្មែរកន្លងមក ជាពិសេសបញ្ហាទឹកដី និងប្រាសាទព្រះវិហារនៅលើភ្នំដងរែក របស់ខ្មែរ តើជាការដោះស្រាយដោយផ្អែកលើផែនទី Google Map ដែរឬទេ? នេះគឺជាលេសមួយ ដែលមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បង្កើតដើម្បីចង់ឱ្យខ្មែរឈ្លោះខ្មែរ ដែលលទ្ធផលគឺទណ្ឌិតរូបនេះចង់ឃើញនូវទឹកដីខ្មែរកាន់តែរួមតូចប៉ុណ្ណោះ។

ដូចប្រសាសន៍របស់សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ បណ្ឌិត ឥន សុផល ដែលបានចោទ ជាសំណួរថា «តើនរណាប្រាប់ឱ្យឯង យកទូរស័ព្ទទៅវាស់បង្គោលព្រំដែនតាម Google Map ?»

បណ្ឌិតវិទ្យាសាស្រ្តនយោបាយរូបនេះ បានលើកឡើងថា៖ «ឱ! ពលរដ្ឋខ្ញុំ បុគ្គលដែលគួរគោរព និងផ្តល់តម្លៃ ត្រូវបានគេបំភ្លេចចោល ! ប៉ុន្តែម្តេចបែរជានាំគ្នាលើកតម្កើងជន ដែលជាបុគ្គលលោកចង់និយាយថាគ្មានតម្លៃនោះទៅវិញ? បង្គោលព្រំដែនផ្សាយតាម Google Map មិនមែនជាបង្គោល ដែលកួនខ្មែរបានធ្វើពលិកម្មជីវិត ដើម្បីការពារដែនអធិបតេយ្យភាពក្នុងពេលកន្លងមកនោះឡើយ។

បណ្ឌិតវិទ្យាសាស្រ្តនយោបាយរូបនេះ និយាយក្នុងការបង្ហាញក្តីហួសចិត្តថា «អ្នកខ្លះមើល Google Map ស្រែកថាហេតុអី បង្គោលមិននៅលើខ្សែបន្ទាត់ព្រំដែន។ ពួកគេបានស្រែកឱ្យរដ្ឋាភិបាលពន្យល់…ប៉ុន្តែត្រង់សម្តេចអគ្គមហាសេនាបតីតេជោ បានខំពន្យល់ជាង៥ម៉ោងនៅក្នុងរដ្ឋសភាទៅហើយ ពួកគេបែរជាមិនស្តាប់ទេ។ បណ្ឌិតវិទ្យាសាស្ត្ររួបនោះ បាននិយាយដាស់ តឿនថា បើជឿជាក់លើ Google Map នោះ ប្រយ័ត្នបើកបរ ហើយធ្លាក់ស្រែបាក់ក»

បណ្ឌិតវិទ្យាសាស្រ្តនយោបាយ ឥន សុផល បានពន្យល់ថា ការងារបោះបង្គោលព្រំដែន មានចំនួន ៨ចំណុច៖

១៖ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម គឺក្រុមជំនាញព្រំដែនកម្ពុជា បានខិតខំព្យាយាមពុះពារគ្រប់ឧបសគ្គ ក្នុងការចុះស្វែងរក និងបោះបង្គោលព្រំដែន…កន្លែងខ្លះពួកគាត់ត្រូវដើរកាត់ព្រៃចម្ការមីន ស្នាក់នៅក្នុងព្រៃកណ្តាលថ្ងៃ យប់ ភ្លៀងផ្គរ មិនដែលបង្ហោះបង្ហាញឱ្យគេដឹង ! ផ្ទុយទៅវិញ ពួកគាត់ត្រូ វបានពលរដ្ឋមួយចំនួន នាំគ្នាជេរប្រមាថថែមទៀត ! រហូតមកដល់ពេលនេះ ពួកគាត់ខ្លះចាស់ជរា ខ្លះបានស្លាប់ទាំងបិទភ្នែកមិនជិត ដោយសារតែការជេរប្រមាថ នោះ!

២៖ ដើម្បីបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ, គណៈកម្មាធិការជំនាញព្រំដែន យកផែនទី Bonnខ្នាត១/១០០.០០០ និងផែនទីបំពេញបន្ថែម UTM ខ្នាត ១/៥០.០០០ ដើម្បីកំណត់និយាមការភូមិសាស្ត្រ។ ក្រុមអ្នកជំនាញព្រំដែនកម្ពុជា និងវៀតណាម បានកំណត់យក GPS Dual Frequency Leica-1200 ទំនើបចុងក្រោយបំផុត ដើម្បីធ្វើការវាស់វែងពីផ្កាយរណប។ បន្ទាប់មក គណៈកម្មាធិការទាំងពីរ បានប្រើយន្តហោះ ថតពីលើអាកាសតាមខ្សែបន្ទាត់ព្រំដែន ចាប់ផ្តើមចេញពីបង្គោលព្រំដែនលេខ០ចំណុចកម្ពុជា ឡាវ និងវៀតណាម រហូតដល់បង្គោល៣១៤ ខេត្តកំពត និងថតពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់និយាមការភូមិសាស្ត្រឱ្យបានត្រឹមត្រូវច្បាស់លាស់។

៣៖ បន្ទាប់មក គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ បានបោះបង្គោលតម្រុយជាបឋម ដើម្បីវាស់វែងកំណត់និយាមការភូមិសាស្ត្រ ផ្ទៀងផ្ទាត់ជាមួយនិយាមការភូមិសាស្ត្រដែលបានកត់ត្រានៅក្នុងសន្ធិសញ្ញាព្រំដែនដូចមាននៅលើផែនទី Bonnខ្នាត១/១០០.០០០ និងផែនទីបំពេញបន្ថែម UTM ខ្នាត ១/៥០.០០០ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទើបធ្វើការបោះបង្គោលជាផ្លូវការ។

៤៖ បន្ទាប់ពីកំណត់និយាមការភូមិសាស្ត្រច្បាស់លាស់ គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ បានភ្ជាប់ GPS ជាមួយ Frequency Asia Pacific អន្តរជាតិ និងបានថតបញ្ចូលលេខនិយាមការគ្រប់បង្គោលទាំងអស់រក្សាទុកក្នុង Computers របស់គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ ព្រមទាំងបានកត់ត្រាច្បាស់លាស់ពីនិយាមការភូមិសាស្ត្រនៅលើសន្ធិសញ្ញាព្រំដែននៃប្រទេសទាំងពីរ។

៥៖ បង្គោលព្រំដែនភ្លោះ គេបោះសងខាងទន្លេ, ព្រែក, ស្ទឹង ដើម្បីសម្គាល់ថាខ្សែព្រំដែនរត់តាមជ្រលងទឹកជ្រៅ ការធ្វើបែបនេះដើម្បីឱ្យប្រជាជនទាំងពីរអាចប្រើប្រាស់ទឹក និងបើកបរទូកការណូតបាន ប៉ុន្តែប្រជាជនប្រទេសមួយ នឹងមិនអាចឡើងច្រាំងខាងទឹកដីប្រទេសមួយទៀតបានទេ លើកលែងមានគ្រោះអាសន្ន ដូចជាលិចទូក, ឬសង្គ្រោះបន្ទាន់ជាដើម។ បន្ទាប់ពីភាគីទាំងពីរបោះបង្គោលព្រំដែនរួច គឺគេមិនមាននូវ “តំបន់ស” ទៀតទេ។

៦៖ ក្រៅពីលេខនិយាមការភូមិសាស្ត្រ បង្គោលព្រំដែននីមួយៗ ត្រូវធៀប ទៅនឹងវត្ថុធាតុគោលផ្សេងៗ មានវត្តអារ៉ាម, ព្រែក, បឹង, ទន្លេ ជាដើម។

៧៖ ចាប់ពីពេលនេះតទៅ កម្ពុជាមានបង្គោលព្រំដែនច្បាស់លាស់ និងអាចរក្សាបានទឹកដីគង់វង្សដល់កូនចៅខ្មែរជំនាន់ក្រោយរាប់រយឆ្នាំ ក៏មិនអាចរំកិលបង្គោលព្រំដែននីមួយៗបានដែរ ព្រោះសូម្បីតែរំកិល (១សម.) ក៏ធ្វើឱ្យលេខនិយាមការប្រែប្រួលខុសលេខនិយាមការនៅក្នុងសន្ធិសញ្ញារវាងប្រទេសទាំងពីរដែរ។

៨៖ រឿងដែលយើងត្រូវធ្វើ គឺខេត្តនៅជាប់ព្រំដែនសហការជាមួយវិទ្យាល័យ បង្កើតកម្មវិធីនាំកូនសិស្សនៅក្នុងខេត្តរបស់ខ្លួន ទៅមើលបង្គោលព្រំដែន និងពន្យល់ឱ្យច្បាស់ពីវត្ថុធាតុគោលចំណាំព្រំដែន។ គឺមានតែអ្នកស្រុកជាប់ព្រំដែនទេ ដែលពួកគាត់រស់នៅតកូនតចៅ អាចចំណាំបង្គោលព្រំដែនបាន បើមានបង្គោលណាខុសទីតាំងពួកគាត់អាចរាយការណ៍ទៅអាជ្ញាធរខេត្ត ខេត្តរាយការណ៍មកគណៈកម្មាធិការព្រំដែន ដើម្បីរៀបចំកិច្ចប្រជុំជាមួយភាគីវៀតណាម រួចចុះទៅពិនិត្យ ផ្ទៀងផ្ទាត់ ទៅតាមនិយាមការភូមិសាស្ត្រ ដែលមាននៅក្នុងសន្ធិសញ្ញា និងប្រើប្រាស់ GPS ដូចដែលគណៈកម្មាធិការទាំងពីរបានឯកភាពគ្នាប្រើ ។

បណ្ឌិតវិទ្យាសាស្រ្តនយោបាយលោក ឥន សុផល បានបញ្ជាក់ច្បាស់ៗថា ការប្រើផែនទីផ្សេងខុសពីផែនទី Bonn ខ្នាត ១/១០០.០០ និងផែនទី UTM ខ្នាត ១/៥០.០០០ ឬប្រើ GPS ខុសពី GPS ដែលគណៈកម្មាធិការជាតិព្រំដែនទាំងពីរបានកំណត់ គឺមិនអាចយកជាការបានទេ។

ដូច្នេះការប្រើប្រាស់លេសបង្កើតរឿងឱ្យខ្មែរឈ្លោះខ្មែរតាមរយៈផែនទី Google Map ក្តី ឬ ផែនទី នៃក្រុមហ៊ុនដទៃទៀតក្តី នឹងមិនអាចធ្វើឱ្យឧបាយកលរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី អាចឈ្នះលើមហាចលនាជាតិខ្មែរ ដែលរួមគ្នាជាធ្លុងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណ្ណត្តិទី៧ នាបច្ចុប្បន្ននេះបានឡើយ៕