(ភ្នំពេញ)៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers' Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ប្រតិភូរដ្ឋមន្ត្រីបរិស្ថាន នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេស រួមជាមួយតំណាងក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងអញ្ជើញចូលរួមពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ការសម្រេចឱ្យបានពេញលេញនូវចក្ខុវិស័យនៃមហាអនុតំបន់មេគង្គប្លូកបដោយភាពស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការកសាងសហគមន៍នៃតំបន់មួយដែលមានអនាគតរួមគ្នាដ៏ភ្លឺស្វាង។

ក្នុងការអនុវត្តកិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមនិន្នាការសកល ក្នុងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបំពុលបរិស្ថានដោយប្លាស្ទិក កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងនឹងពិនិត្យអនុម័តលើឯកសារចំនួនពីររួមមាន៖

ទី១៖ សេចក្តីព្រាងសេចក្ដីថ្លែងការណ៍រួមភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកក្នុងមហាអនុតំបន់មេគង្គក្នុងមហាអនុតំបន់មេគង្គ២០៣០

និងទី២៖ សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថាន កិច្ចប្រជុំ EMM-6 ក៏មានការតាំងបង្ហាញសមិទ្ធផលនានា ដែលចូលរួមចំណែកដល់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និងអង្គការដៃគូសហការនានាផងដែរ៕