(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ខ្លួន ដោយបង្ហាញពីវឌ្ឍនភាពយ៉ាងសំខាន់លើការអភិរក្សសត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមាន ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogyps calvus)។
របាយការណ៍នេះរំលេចពីកិច្ចខិតខំប្រឹងប្រែងសហការរបស់ក្រុមការងារអភិរក្សសត្វត្មាត នៅកម្ពុជាចាប់ពី ខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើតមានឡើង និងភាពជោគជ័យដែលសម្រេចបាន នៅក្នុងកិច្ចការពារប្រភេទសត្វសំខាន់ៗទាំងនេះ។
សកម្មភាពគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា គឺជាគំនិតផ្តួចផ្តើមបង្កើតអាហារដ្ឋានត្មាត ដែលជាទីតាំងសំរាប់ផ្តល់សាកសពសត្វចិញ្ចឹមជាចំណីដល់សត្វត្មាត នៅតាមទីជម្រកសំខាន់ៗបានកំណត់ទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ គឺជួយផ្តល់នូវអាហារបន្ថែមដល់សត្វត្មាត ដើម្បីកាត់បន្ថយការខ្វះខាតចំណីអាហារ។ តាមរយៈការផ្តល់ចំណីបន្ថែមនេះ យើងបានធ្វើការតាមដានចំនួនសត្វត្មាត តាមរយៈការធ្វើជំរឿនកំរិតជាតិ។ នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមាន ចំនួន១៣២ក្បាល នៃចំនួនសត្វត្មាតសរុបទាំងបីប្រភេទត្រូវបានកត់ត្រា ទិន្ន័យនេះជាសញ្ញាបញ្ជាក់ពីនិន្នាការមានស្ថេរភាពនៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។
លោក ខៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា បន្ទាប់ពីចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមាន សញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញសត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់ សត្វព្រៃ និងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់យើង។ លោកបានបន្តថា «របាយការណ៍នេះបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកិច្ចសហការ ព្រមទាំងផែនការយុទ្ធសាស្ត្ររួមគ្នាប្រកបដោយភាពច្នៃប្រឌិត ដើម្បីការពារប្រភេទសត្វដែលពិភពលោកយកចិត្តទុកដាក់ការពារទាំងនេះ។
ការផ្តល់អាហារបន្ថែមនៅក្នុងអាហារដ្ឋានត្មាត មិនមែនគ្រាន់តែជាការទ្រទ្រង់ចំនួនសត្វត្មាតប៉ុណ្ណោះទេ ក៏ជាការផ្តល់ឱកាសអោយសត្វត្មាតទាំងនោះមានឱកាសរស់រានមានជីវិត។ កិច្ចខិតខំប្រឹងប្រែងរបស់ យើងទទួលបានលទ្ធផលគួរអោយកត់សម្គាល់ ដោយចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានស្ថេរភាពនៅក្នុងឆ្នាំនេះ។
បន្ថែមលើគំនិតផ្តួចផ្តើមក្នុងការផ្តល់ចំណីអាហារបន្ថែម របាយការណ៍នេះក៏បានបង្ហាញពីសកម្មភាពសំខាន់ៗផ្សេងៗទៀតដូចជា ការស្រាវជ្រាវស្វែករកសំបុក, ពិនិត្យតាមដានការពារសំបុក និងការប្រយុទ្ធប្រឆាំងទៅនឹងកត្តាគម្រាមកំហែង ដែលកើតចេញពីការបំពុល។ នៅឆ្នាំ២០២៣ សមាជិកក្រុមការងារអភិរក្សសត្វត្មាត បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួលបានអត្រាសំបុកជោគជ័យខ្ពស់គួរអោយកត់សម្គាល់រហូតដល់៨៧% ដោយមានកូនញាស់ចំនួន ២៦ក្បាល ទាំងនេះជាកំណត់ត្រាបង្កកំណើតជោគជ័យខ្ពស់បំផុតក្នុងកំណត់ត្រា។
ក្រុមការងារអភិរក្សសត្វត្មាត បានបញ្ជាក់ថា «យើងពិតជារំភើបជាមួយលទ្ធផលនៃការពងកូនជោគជ័យនៅក្នុងឆ្នាំនេះ ហើយកូនត្មាតទាំងនោះតំណាងអោយក្តីសង្ឃឹមនាពេលអនាគតរបស់ក្រុមការងារ អភិរក្សសត្វត្មាតនៅកម្ពុជា មិនតែប៉ុណ្ណោះវាជាសក្ខីភាពមួយដែលបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រអភិរក្សរបស់យើង និងការលះបង់របស់ក្រុមការងារនៅទីវាល»។
ក្រុមការងារ ក៏បានដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុល ដែលជាមូលហេតុចម្បងបង្ករអោយសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុលចំនួនប្រាំបីត្រូវបានរកឃើញ និងបានចាត់វិធានការយ៉ាងរហ័ស ដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។ សូមបញ្ជាក់ថា «ក្នុងឆ្នាំ២០២៣នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ»។
ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរសាធារណៈជនអោយចូលរួមអភិរក្សសត្វត្មាត ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានធ្វើការសម្របសម្រួលរៀបចំអបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងទៅកាន់និស្សិតផ្នែកបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេរំពឹងថា នឹងពង្រឹងការគាំទ្រសម្រាប់កិច្ចការពារសត្វត្មាត ពង្រីកបណ្តាញអ្នកគាំទ្រ អ្នកស្ម័គ្រចិត្ត និងម្ចាស់ជំនួយ។
លើសពីនេះទៀត សកម្មភាពទាំងនេះបានបង្កើតការផ្សាយជាវិជ្ជមាន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ក្នុងការអភិរក្សប្រភេទសត្វសំខាន់ៗទាំងនេះ។ ផែនការបន្ត ក្រុមការងារអភិរក្សសត្វត្មាត បាននិងកំពុងរៀបចំធ្វើការបោះពុម្ពផ្សព្វផ្សាយជាឯកសារវិទ្យាសាស្ត្រអំពីចំនួនសត្វត្មាត ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រួមទាំងបង្ហាញពីកត្តាគំរាមកំហែងផងដែរ។ បន្ថែមពីនេះ ក្រុមការងារ នឹងបន្តធ្វើការតាមដានអំពីដំណើរបម្លាស់ទីរបស់សត្វត្មាត ដោយប្រើឧបករណ៍ GPS-GSM លទ្ធផលទទួលបានពីការតាមដាននេះ មានគុណតម្លៃខ្លាំងណាស់ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិរក្សនាពេលអនាគត។
រឿងដែលគួរឱ្យកត់សម្គាល់បំផុតប្រចាំឆ្នាំ២០២៣ គឺការជួយសង្គ្រោះកូនត្មាតភ្លើងបានឈឺនិងធ្លាក់ពីលើសំបុក នៅដែនជម្រកសត្វព្រៃស្រែពក។ បន្ទាប់ពីកូនសត្វនេះត្រូវបានជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ដោយមជ្ឈមណ្ឌលអង្គការសម្រាប់អភិរក្សជីវៈចម្រុះ កូនសត្វត្មាតនេះត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិវិញនៅដែនជម្រក សត្វព្រៃសៀមប៉ាង ដោយបំពាក់ឧបករណ៍តាមដានដែលផ្តល់ដោយក្រុមហ៊ុន រ៉ាយហ្នឹង ហ្វីនិក ដើម្បីតាមដានការវិវឌ្ឍន៍នៃការលូតលាស់ និងដំណើរបម្លាស់ទីរបស់វា៕