(អាមេរិក)៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងជាអ្វីដែលបង្ហាញច្បាស់ៗ សម្រាប់អ្នកវិទ្យាសាស្ត្រ ដោយមិនចាំបាច់ធ្វើការស្រាវជ្រាវដោយផ្ទាល់ នោះគឺកែវយឺតអវកាស Hubble បានចាប់យករូបភាពនៃ អ្វីដែលគេសង្ស័យថាអាចជា បំភាយទឹកផុសចេញពីស្រទាប់ទឹកកក ដែលគ្របដណ្តប់យ៉ាងក្រាស់លើ ព្រះច័ន្ទ យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយវែបសាយ Independent របស់អង់គ្លេស នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
វាហាក់កាន់តែបង្ហាញកភាពទាក់ទាញ និងការចង់ទៅធ្វើការរុករកនៅ Europa កាន់តែខ្លាំងបន្ថែមទៀតពី សំណាក់ក្រុមអ្នកវិទ្យាសាស្ត្រ ព្រោះសំនួរដែលសួរជាច្រើនទសវត្សរ៍មកនេះ ថាតើក្រៅពីភពផែនដីនឹង មានទីកន្លែងណាផ្សេងទៀតទេ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ដែលមានជីវិតរស់នៅ? យូរ៉ូប៉ា គឺជា ព្រះច័ន្ទធំមួយក្នុងចំណោមព្រះច័ន្ទធំៗទាំងបួនរបស់ភពព្រហស្បតិ៍ ដែលជាភពធំជាងគេនៅក្នុង ប្រព័ន្ធព្រះអាទិត្យ របស់យើង។
អ្នកវិទ្យាសាស្ត្រ NASA បានប្រើប្រាស់កែវយឺត Hubble ដើម្បីចាប់យករូបភាពនៅតំបន់ប៉ូលខាងត្បូង របស់ យូរ៉ូប៉ា រួចក៏បានឃើញវត្ថុធាតុដូចបំភាយទឹកព្រួសចេញពីស្រទាប់ទឹកកក ឡើងមកលើអាកាសតែម្តង។ សម្រាប់បរិមាណទឹកដែលមាននៅលើផ្ទៃព្រះច័ន្ទ យូរ៉ូប៉ា ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មានច្រើនជាង នៅលើភពផែនដីយើង ពីពីរទីបីដងឯណោះ ហើយនៅក្រោមស្រទាប់ទឹកកកនោះ ១០គីឡូម៉ែត្រគឺជាទឹករាវ ដែលអាចទៅរួចដែរថា មានផ្ទុកជីវិតក្នុងទម្រង់ណាមួយ។
គួរបញ្ជាក់ថា វាជាដំណឹងល្អបំផុតមួយសម្រាប់ NASA ដែលខ្លួនអាចនឹងបញ្ជូនយានទៅកាន់តំបន់ដែល មានទឹកផុសនោះ ហើយធ្វើការប្រមូលយកវា មកធ្វើការពិសោធន៍ ដោយមិនចាំបាច់ធ្វើការជីកទៅ ក្រោមស្រទាប់ទឹកកករបស់ យូរ៉ូប៉ា ឡើយ។ សម្រាប់ចលនាដូចទឹកផុសនេះ គឺបានជះឡើងលើកម្ពស់ ១២៥ម៉ែត្រ ទើបធ្លាក់មកលើស្រទាប់ព្រះច័ន្ទវិញ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថាតើបេសកកម្មនឹងចាប់ ផ្តើមនៅពេលណា ហើយថាតើមូលហេតុអ្វី ទើបមានទឹករាវផុសចេញមកបែបនេះនៅឡើយដែរ៕