(កំពង់ធំ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំវេទិកាស្តីពីការផ្សព្វផ្សាយផលិតផលឥណទាននៃគម្រោង ACSEP កម្រិតសហគមន៍ នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង និងលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយបន្ថែមដល់សមាជិកសហគមន៍ រួមមាន សហគមន៍សាលាវិស័យ សហគមន៍ព្រេនរូកចម្រើន សហគមន៍យាសាមគ្គី សហគមន៍ភ្នំសន្ទុក និងសហគមន៍បល្ល័ងមានជ័យ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារឥណទានគម្រោង ACSEP តាមខេត្ត ស្រុក និងឃុំគោលដៅ, ផ្តល់ពត៌មានអំពីការផ្តល់ឥណទាន តាមរយៈក្របខ័ណ្ឌនៃគម្រោង ACSEP ដល់សមាជិកសហគមន៍កសិកម្មក្នុងក្រុមគោលដៅ និងបង្ហាញអំពីនីតិវិធីដែលអាចទទួលបានឥណទានដល់សមាជិកសហគមន៍កសិកម្ម ដែលមានបំណងស្វែងរកហិរញ្ញប្បទានបន្ថែមដើម្បីគាំទ្រផែនការអាជីវកម្មក្នុងវិស័យកសិកម្ម។

កម្មវិធីនេះ មានការចូលរួមដោយ សមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕