(ភ្នំពេញ)៖ តាំងពីព្រឹកព្រលឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋខ្មែររាប់រយនាក់ បានសំរុកធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តដែល ជាស្រុកកំណើតរៀងៗខ្លួន។
ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនកុះករ បានធ្វើដំណើរណែនណាន់តាន់តាប់ នៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ដូចជានៅម្តុំស្ពានជ្រោយចង្វារ និងនៅស្ពានច្បារអំពៅ ទីដែលមានរថយន្តឈ្នួលជាច្រើនគ្រឿង សំចតសម្រាប់ដឹកប្រជាពលរដ្ឋធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅតាមបណ្តាខេត្តនៅទូទាំងប្រទេស។
ដៃកាន់កាបូបដាក់សំលៀកបំពាក់ ដើរសំដៅទៅរករថយន្តឈ្នួល លោក សុខ វិបុល បានបញ្ជាក់ឲ្យដឹងថា លោកកំពុងធ្វើដំណើរទៅខេត្តកំពង់ចាម ដើម្បីជួបជុំគ្រួសារនៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ លោកថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ កាន់តែខិតចូលមកដល់ហើយ ម្យ៉ាងថ្ងៃនេះ ជាថ្ងៃដែលកន្លែងធ្វើការរបស់លោកអនុញ្ញាតឲ្យឈប់សំរាក ផងដែរ។
លោក សុខ វិបុល បានបន្តថា លោកពិតជាសប្បាយចិត្តណាស់ដែលបានទៅលេងស្រុកកំណើតនៅពេលនេះ ពីព្រោះ មួយឆ្នាំលោក បានធ្វើដំណើរទៅលេងឱពុក ម្តាយ និងក្រុមគ្រួសារតែ៣លើកប៉ុណ្ណោះ ដូចជា នៅពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពេលខ្លះ ពេលបុណ្យចូលឆ្នាំចិនជាដើម។
មិនជាខុសគ្នានោះទេ កញ្ញា រ៉េត ធីតា បានប្រាប់ឲ្យដឹងថា កញ្ញាកំពុងធ្វើដំណើរទៅ ខេត្តបាត់ដំបង ជាទឹកដីកំណើតខ្លួន ដើម្បីទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅពេលខាង មុខនេះ។ កញ្ញា ធីតា ជាបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុន ឯកជនមួយនៅរាជធានីភ្នំពេញផង ហើយក៏កំពុងតែសិក្សាផង បានប្រាប់ទៀតថា ជីវិតរស់នៅ ក្នុងរាជធានីភ្នំពេញ ពិតជារវល់នឹងមមាញឹកខ្លាំងណាស់។ កញ្ញាមិនសូវជាបានទៅលេងស្រុកកំណើតឡើយ លុះណាតែមាន ពិធីបុណ្យធំៗមួយចំនួន ទើបបានអាចធ្វើដំណើរទៅបាន។
ជាការកត់សំគាល់ទោះបីជាថ្ងៃនេះ មានប្រជាពលរដ្ឋសំរុកចាកចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅខេត្តច្រើនខុសពីថ្ងៃធម្មតាក្តី តែឃើញថា កងកម្លាំង សមត្ថកិច្ច ជាពិសេស ប៉ូលីសចរាចរណ៍ជាច្រើននាក់ បានសម្រូលចរាចរណ៍ នៅតាមតំបន់គោលដៅមួយចំនួន ដើម្បីជួយសម្រូលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិង ជៀសវាង ការកកស្ទះ ចរាចរណ៍ផងដែរ។
គួរបញ្ជាក់ថា រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃបុណ្យប្រពៃណី ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើម ប្រជាពលរដ្ឋចំណាកស្រុក រស់នៅក្នុងរាជធានីភ្នំពេញ និងកម្មករ កម្មការិនី រាប់រយនាក់ តែងធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ៕