(ក្រចេះ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថស្រុកចិត្របុរី អាវុធហត្ថក្រុងក្រចេះ និងជំនាញរដ្ឋបាលព្រៃឈើក្រចេះ ក្រោមការសម្របសម្រួលពីលោក ធុច បច្ចះសន្តិភាព ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បានបើកប្រតិបត្តិការចាប់រថយន្ដដឹកឈើចំនួន២គ្រឿង នៅកន្លែងផ្សេងគ្នា នៅក្រុងក្រចេះ និងស្រុកចិត្របុរី នៅម៉ោង៣ទាបភ្លីឈានចូល ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៦នេះ។
លោក អឹម ចិត្រាថា មេបញ្ជាការអាវុធហត្ថ ស្រុកចិត្របុរី បានឲ្យថា ប្រតិបត្តការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចឃាត់បានរថយន្ដចំនួន២គ្រឿង គឺរថយន្ដយីឌុប១គ្រឿង និងរថយន្ដសាំងយ៉ុង១គ្រឿង ហើយយរថយន្ដយីឌុបដឹកឈើក្រហមបង្គប់គ្រោមជ័រគ្រាប ឃាត់នៅចំណុចភូមិត្រពាំងព្រីង ក្រុងក្រចេះ និងរថយន្ដស៊ាំងដឹក ឈើសុក្រំពេញប្រៀប ឃាត់នៅចំនុចភូមិដា ឃុំដា ស្រុកចិត្របុរី។
លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ មិនបានឃាត់ខ្លូនអ្នកបើកបរនោះទេហើយក៏មិនស្គាល់អត្តសញ្ញាណ ម្ចាស់រថយន្ដ និងឈើដែរ ព្រោះអ្នកបើកបររត់បាត់ ចំណែករថយន្ដទាំង២គ្រឿង និងឈើ ត្រូវបានយកទៅរក្សាទុកនៅ ស្ថានីយ៍បណ្ដុះកូនឈើខ្សា ប៉ុន្ដែមិនបានដឹងចំនួននៅឡើយទេ។ លោកបន្តទៀតថា ជ័រគ្រែបប្រគល់ឲ្យម្ចាស់វិញ ចំណែកឈើ និងរថយន្ដ លោកនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនិតិវិធី៕