(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក កម្លាំងសមត្ថកិច្ច ទប់ស្កាត់ គ្រប់បទល្មើសឆ្លងដែនខុសច្បាប់ ក្មេងទំនើង ក្រុមកុបកម្ម គ្រឿងញៀន បង្ក្រាបល្បែងស៊ីសង នៅមូលដ្ឋានរបស់ខ្លួន និងបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងពង្រឹងជាប្រចាំអនុវត្តតាមផ្លូវច្បាប់ឲ្យបានល្អបន្ថែមទៀត។

លោកបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាឧទ្ធរណ៍បាត់ដំបង សាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងទាំងបី លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ធូ ភា អភិបាលរងខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍គណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានលេខាគណៈបញ្ជាការឯកភាពខេត្តខេត្តបាត់ដំបងរួចមក លោក សុខ លូ បានណែនាំរដ្ឋបាលក្រុងស្រុកអាជ្ញាធរ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តបង្រ្កាប ទប់ស្កាត់គ្រប់បទល្មើស ពិសេសក្មេងទំនើងក្រុមកុបកម្ម ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរនៅមូលដ្ឋានរបស់ខ្លួន និងបញ្ហាផ្សេងៗត្រូវអនុវត្តទៅតាមជាក់ស្តែង និងពង្រឹងជាប្រចាំតាមផ្លូវច្បាប់ឲ្យបានល្អបន្ថែមទៀត និងបានលទ្ធផលការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើថែមទៀតពង្រឹងការត្រួតពិនិត្យ និងការរៀបចំសណ្តាប់ធ្នាប់ ពង្រឹងសន្តិសុខនៅតាមផ្លូវនៅពេលយប់ ពិសេសគ្រោះថ្នាក់ចរារណ៍ អ្នកបើកបរ ស្ថិតក្នុងភាពស្រវឹង ព្រមទាំងជំរុញផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយបន្តទៀត ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។ លោកជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តពីការប្រជុំជីវភាពការងារ ឲ្យបានញឹកញាប់ ដើម្បីក្តាប់បាន ពីបញ្ហាផ្សេងៗ និងធ្វើការដោះស្រាយបញ្ហានោះបានទាន់ពេលវេលាផង។

លោក សុខ លូ បានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវនាំគ្នា ពន្យល់ដល់ពលរដ្ឋយើងបន្ថែមទៀតឲ្យពួកគាត់ដឹងកាន់តែច្បាស់ថា ការជីកព្រែកហ្វូណនតេជោនេះ គឺបានផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន ហែន អតីតនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងការអនុវត្តបន្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី បច្ចុប្បន្នគឺជាចរន្តផ្លូវសេដ្ឋកិច្ចរបស់ជាតិ បានចំណេញ ពីចំណូលថវិកាជាតិ ជារបស់ពលរដ្ឋ និងការអភិវឌ្ឍន៍ កាន់តែរីកចម្រើនល្អប្រសើរ ដល់កូនចៅជំនាន់ក្រោយ។

លោកបានរំលឹកបន្ថែមទៀតថា នារដូវវស្សានេះ ដែលកំពុងមានភ្លៀងធ្លាក់ក្នុងពេលនេះ អាជ្ញាធរ ក្រុង ស្រុក អ្នកពាក់ព័ន្ធទាំងអស់ កុំភ្លេចបន្តដាំដើមឈើ ត្រូវសម្រុកបន្តធ្វើឲ្យបានលឿន ទាន់ទឹកភ្លៀងនៅមានមិនផុតរដូវនៅឡើយ និងបន្តបញ្ហាបើកឡើងវិញចំណីផ្លូវដែលបានបិទកន្លងមក និងបន្តផ្សព្វផ្សាយពីអនាម័យសម្រាម ព្រមទាំងផលប្រយោជន៍ពីអាងប្រព្រឹត្តកម្មទឹកកក្វក់បន្ថែមទៀតផងដែរ៕