(ពោធិ៍សាត់)៖ ប្រជានេសាទ ប្រទះឃើញត្រីគល់រាំងមួយក្បាលទម្ងន់ជាង១០០គីឡូក្រាមជាប់មង ប្រគល់ឲ្យមន្ត្រីជំនាញលែងចូលបឹងទន្លេសាបវិញ។
ហេតុការណ៍ដែលកម្របានឃើញនេះ បានកើតឡើងនៅរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចលើទឹកផ្ទៃបឹងទន្លេសាប ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្ត្រីរដ្ឋបាលជលផលបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ប្រភេទត្រីដែលមានទម្ងន់ជាង១០០គីឡូក្រាម មានឈ្មោះថា «ត្រីគល់រាំង» គឺជាប្រភេទត្រីដែលកម្រ បច្ចុប្បន្នកំពុងប្រឈមនឹងការផុតពូជ។
លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានថា មានប្រភេទត្រីធំបានជាប់មង ភ្លាមៗនោះកម្លាំងជំនាញ ដឹកនាំដោយលោក ពុត ស៊ុនលី បានទៅដល់កន្លែងកើតហេតុភ្លាម ហើយបានសហការគ្នាប្រលែងត្រីគល់រាំងនេះ ចូលក្នុងបឹងទន្លេសាបវិញតែម្តង។
ជាមួយគ្នានោះ លោកបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវបន្តសហការការពារថែរក្សាមច្ឆាជាតិ នៃធនធានជលផល ពិសេសប្រភេទត្រីពូជធំនេះ និងដើម្បីឲ្យសម្បូរត្រីទាំងនោះមានច្រើនឡើងវិញ ក្នុងបឹងទន្លេងសាប៕