(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានរំពឹងយ៉ាងជឿជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ អាចនឹងសម្រេចបានតាមគោលដៅគ្រោងទុក ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារនាឆ្នាំ២០២៥ខាងមុននេះ នៅក្នុងខណៈកាលពីឆ្នាំ ២០២៣ សម្រចបានជាង ៩ ពាន់លានដុល្លារ។

សម្តេចប្រធានរដ្ឋសភា បានសុទិដ្ឋិនិយមបែបនេះ នៅក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទសថៃប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា ក្នុងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឯកអគ្គរាជទូតឆឺតគៀត អាត់ថាកន ក៏ដូចជាឯកអគ្គរាជទូតមុនៗ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយបទពិសោធន៍និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយកាន់តែល្អប្រសើរ ទូលំទូលាយ និងស៊ីជម្រៅ ក្នុងនោះការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ថ្នាក់បច្ចេកទេសនៅគ្រប់កម្រិត ការសម្របសម្រួលនិងជំរុញពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល អប់រំ និងវប្បធម៌ ជាដើម។

លោក ឆឺតកៀត អាត់ថាកន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ចនិងទំហំពាណិជ្ជកម្មប្រទសទំាងពីរផងដែរ ជាពិសេសទំនាក់ទំនងកម្ពុជានិងថៃ ដែលបានឈានដល់ខូប៧៥ឆ្នាំហើយនោះ កាន់តែជិតស្និទ្ធនិងរឹងមាំឡើង នៅលើគ្រប់វិស័យ នៅក្នុងនោះវិស័យពាណិជ្ជកម្ម ត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្មសំខាន់មួយ ហើយចំនួនទេសចរថៃក៏ឈរនៅលំដាប់ទី១ផងដែរ។ លោកសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាកាន់ច្រើនថែមទៀត នាពេលអនាគត។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ជំហរថារដ្ឋសភាកម្ពុជាស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហការជាមួយប្រទេសថៃ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្ត ឱ្យបានចេញជាលទ្ធផលកាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើផលប្រយោជ៍ប្រទេសទំាងពីរ មិនថានៅក្នុងវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍នោះទេ។ នៅក្នុងនោះ រួមទាំងការជំរុញនិងគំាទ្រនូវយន្តការព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ ជាដើម៕