(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំរំលឹកដល់មន្ដ្រីសុខាភិបាលទាំងអស់ ត្រូវផ្ដល់ការសង្រ្គោះជីវិតអ្នកជំងឺដោយប្រើប្រាសស់បច្ចេកទេសត្រឹមត្រូវ ការយល់ចិត្ត ការអាណិតអាសូរដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ «គួរធ្វើដូចម្តេច ទើបអាចចាត់ទុកថាជាអ្នកដឹកនាំពូកែបាន» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៨១៥នាក់ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែបបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការងារសុខភាពសាធារណៈនិងការងារព្យាបាលជំងឺនៅមន្ទីរពេទ្យរយៈពេល៣០ឆ្នាំកន្លងមក ក្រៅពីបានណែនាំរំលឹកមន្រ្តីសុខាភិបាល ឱ្យផ្តល់ការសង្រ្គោះជិវិតអ្នកជំងឺដោយប្រើប្រាសស់បច្ចេកទេសត្រឹមត្រូវ ការយល់ចិត្ត ការអាណិតអាសូរដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកយកបទបាឋកថាគន្លឹះ លើការរបៀបដឹកនាំដែលមានឥទ្ធិពល ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធពលនៃសេវាសុខាភិបាលនៅកម្ពុជា។ ក្នុងនោះអ្នកដឹកនាំក្នុងវិស័យសុខាភិបាលគួរ គឺ (១) រៀនធ្វើការដឹកនាំតាមគំរូឪពុក/ម្តាយដឹកនាំកូនចៅ (២) មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អង្គភាព (៣) ចេះទាក់ទាញឱ្យបុគ្គលិក និងភាគីពាក់ព័ន្ធយល់ឃើញពីចក្ខុវិស័យ (៤) ចេះស្តាប់ការផ្តល់យោបល់ និងឈរលើការផ្តល់ប្រយោជន៍រួមដល់បុគ្គលិក អ្នកជំងឺ និងសង្គម (៥) ចូលរួមយ៉ាងសកម្មស្វែងរកដំណោះស្រាយនៅពេលជួបប្រទះឧបសគ្គក្នុងការងារ (៦) អ្នកដឹកនាំត្រូវមានការស្ម័គ្រចិត្តលះបង់ ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំដែលល្អ និង (៧) ធ្វើការដឹកនាំអង្គភាពឱ្យមានការរីកចម្រើនជាលំដាប់តាមរយៈការប្រើនវានុវត្តន៍។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ឋានានុក្រម សូមព្យាយាមធ្វើខ្លួនឱ្យក្លាយជាមេដឹកនាំ ដែលមានគុណភាព និងឈរលើមូលដ្ឋានថែទាំប្រជាជនជាធំ៕