(ភ្នំពេញ)៖ ធនាគារ ABA ក៏បានចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០លានរៀល (ប្រមាណ១០០,០០០ដុល្លារ) ជូនដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងកិច្ចការអភិវឌ្ឍ ពង្រឹងសន្តិសុខនិងសុវត្ថិភាពនៅតាមបណ្ដាយព្រំដែនកម្ពុជា។

មូលនិធិដែលផ្ដួចផ្ដើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានគោលបំណងជំរុញដល់ការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ការអភិវឌ្ឍជាយុទ្ធសាស្ត្រទាំងនេះ ត្រូវបានរំពឹងថានឹងផ្ដល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ លើកកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសន្តិសុខនៅតាមបណ្ដោយព្រំដែន។

ក្នុងនាមជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជា និងសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គម ABA នៅតែប្តេជ្ញាចិត្ត​បម្រើ​សេវា​ជូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុល្អឯក និងគាំទ្រយ៉ាងសកម្មដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ការរួមចំណែករបស់ ABA សម្រាប់គម្រោងនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព ដែលនឹងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។

បន្ថែមពីលើការបរិច្ចាគផ្នែកថវិកានេះ ធនាគារ ABA ក៏ផ្ដល់មធ្យោបាយឲ្យអតិថិជនពីគ្រប់ធនាគារ ក្នុងការចូលរួមបរិច្ចាគដោយផ្ទាល់ និងឥតគិតថ្លៃ សម្រាប់គម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ដើម្បីគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអតិថិជនរបស់ធនាគារនានា អាចស្គែនកូដ KHQR របស់ ABA ខាងលើ ជាមួយនឹងអេបធនាគាររបស់ពួកគាត់ ឬផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់លេខគណនី ABA របស់មូលនិធីដែលមានលេខ៖ 717 987 179 (គណនីប្រាក់រៀល) និង 717 997 179 (គណនីដុល្លារ) ដោយគណនីនីមួយៗមានឈ្មោះ ដូចគ្នាថា «Foundation for Border Inf»។

* អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២១ ដល់ ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។ គិតត្រឹមថ្ងៃទី៣០ មិថុនា ២០២៤ ABA មានទ្រព្យសកម្មសរុប ១២.៣ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើអតិថិជន ៩.៨ពាន់លានដុល្លារអាមេរិក និងកម្ចីដុលកើនដល់ ៨.៣ពាន់លានដុល្លារអាមេរិក។ ជាមួយបណ្ដាញសាខាចំនួន ៩៩, ទីតាំងស្វ័យសេវាចំនួន ៤៦, ម៉ាស៊ីនស្វ័យសេវាជាង ១,៧០០នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និង កម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA អាចបម្រើអតិថិជនបានដល់ជាង ៤លាន ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី៦ នៅប្រទេសកាណាដា និងនាំមុខគេនៅខេត្តកេប៊ិច ជាជម្រើសរបស់បណ្ដាសហគ្រាសធុនតូច និងមធ្យមនៅទីនោះ៕