(ភ្នំពេញ)៖ វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នឹងរៀបចំពេញមួយថ្ងៃ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សាលមរតកសិល្បៈខ្មែរ អាគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។

វេទិការនេះ រៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយ មូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំកម្ពុជា ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើក, និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបិទ។ រួមជាមួយវាគ្មិន អ្នកចូលរួមមកពីស្ថាប័នធនាគារខួរក្បាលជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ តំណាងក្រសួង តំណាងស្ថាទូតបរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន ប្រមាណ ១០០នាក់។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា នៅចុងវេទិកានេះ ក៏នឹងមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៤ឆ្នាំ (២០២៤-២០២៧)។ អនុស្សរណៈនៃការយោគយល់គ្នានេះបញ្ជាក់ពីវិសាលភាព និងបង្កើតក្របខ័ណ្ឌសម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៕