(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដោយសារតែការយល់ដឹងអំពីកិច្ចការអន្តរជាតិរបស់យើងនៅមានកម្រិត ទើបធ្វើឱ្យយើងបត់បែនមិនទាន់ រហូតដល់ធ្លាក់ជ្រោះនៅក្នុងទសវត្សទី៧០ នាពេលកន្លងមក ដែលនេះទាមទារឱ្យមានការសិក្សា និងឈ្វេងយល់អំពីនយោបាយ និងកិច្ចការអន្តរជាតិ។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងសន្ទរកថាបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» រៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយ មូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។
លោកអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ថា៖ «សម្រាប់ប្រទេសកម្ពុជាយើងផ្ទាល់កន្លងទៅមិនសូវបាននិយាយអំពីកិច្ចការអន្តរជាតិនោះទេ រួមទាំងសម័យកាលក្នុងសង្រ្គាមត្រជាក់ផងដែរ។ ដូច្នេះបានធ្វើឱ្យ ប្រទេសកម្ពុជាយើងមានការបត់បែនក្នុងកិច្ចការអន្តរជាតិយឺតជាងគេ ព្រោះយើងមិនដឹង យើងមិនបានជជែកវែកញែក។ ដូច្នេះសូមកុំមើលរំលងអំពីកិច្ចការអន្តរជាតិឱ្យសោះ និងសូមកុំបណ្ដោយឱ្យមហាអំណាចសម្រេចកិច្ចការអន្តរជាតិតែម្នាក់ឯង»។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាប្រសាសន៍របស់លោកបណ្ឌិត យង់ ពៅ ទាំងស្រុងដូចតទៅ៖