(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលពោធិ៍សាត់ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស ព្រមទាំងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទនៅវត្តព្រះធាតុ ស្ថិតក្នុងភូមិឥន្ធ្យា ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូបចំពោះព្រះពុទ្ធរូប និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ ព្រះសម្មាសាម្ពុទ្ធនោះរួចមក លោក ម៉ៅ ធនិន និងលោកស្រី ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេន នូវទេយ្យវត្ថុ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តព្រះធាតុ រួមមានទានធូប ស្ករស ចង្ហាន់៣ឆ្នាំងធំ អង្ករ១០០គីឡូក្រាម ទឹកក្រូច៧កេស ទឹកសុទ្ធ៧កេស បច្ច័យ១លានរៀល សីលវ័ន្តសីលវន្តី ម្នាក់ៗក្រណាត់ស ០១ដុំ ប្រជាការពារ និងកងកម្លាំង ម្នាក់ៗថវិកា២ម៉ឺនរៀល។
គួរបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យកាន់វេនតាមវត្តអត្តខាត់ នៃបណ្តាក្រុង ស្រុកទូទាំងខេត្តចំនួន៥វេន រួមមាន៖
-វេនទី៩ ថ្ងៃទី២៥ ខែកញ្ញា វត្តពោធិ៍មានបុណ្យ ស្ថិតនៅក្នុងភូមិដង្គៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន
-វេនទី១១ ថ្ងៃទី២៧ ខែកញ្ញា វត្តសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ
-វេនទី១២ ថ្ងៃទី២៨ ខែកញ្ញា វត្តព្រះធាតុ ឃុំស្រែស្តុក ស្រុកកណ្តៀង
-វេនទី១៣ ថ្ងៃទី២៩ ខែកញ្ញា វត្តកោះរំដួល ឃុំអន្សាចំបក់ ស្រុកក្រគរ
-វេនទី១៤ ថ្ងៃទី៣០ ខែកញ្ញា វត្តសុភី ឃុំស្រែស្តុក សង្កាត់រលាប។
លោក ម៉ៅ ធនិន បានលើកឡើង អំពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ដែលត្រូវបានដូនតា ថែរក្សាទុកតាំងពីបុរាណកាលតរៀងមក ទុកឲ្យកូនចៅជំនាន់ក្រោយ គោរពតាមរហូតដល់សព្វថ្ងៃ។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានពុទ្ធបរិស័ទ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយនាំយកនូវទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាផង ឧទិ្ទសកុសលជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក និងទទួលបាននូវសេចក្តីសុខ សិរីសួស្តី រស់នៅប្រកបរបរទទួលទាន មានបានគ្រប់គ្រប់ៗគ្នា។ ជាមួយនឹងការធ្វើបុណ្យទាន ជាប្រពៃណីនេះ គឺជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕