(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ ខាន់ ម៉ានីដា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅជូនសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសដ៏វិសេសវិសាលដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារ «សម្តេចមហាមន្ត្រី» និងតែងតាំងមុខ តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ការប្រោសព្រះរាជទានគោរមងារ និងតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសមបំផុតទៅនឹងគុណសម្បត្តិ របស់សម្តេច ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាពេលកន្លងមក ក្នុងឋានៈជាថ្នាក់ដឹកនាំឆ្នើមមួយរូប នៃក្រសួងព្រះបរមរាជវាំង។
ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ និងទសបារមីនៃ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនសម្តេចមហាមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕