(ប៉ៃលិន)៖ លោក អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រួមនឹងក្រុមការងារគណៈពង្រឹងមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យកសាង ទៅប្រគេនដល់ព្រះសង្ឃ គង់នៅវត្តតំបន់ជនបទដាច់ស្រយ៉ាល ក្នុងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១២រោជ ខែភទ្របទ ឆ្នាំវក អដ្ធស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ជាវេនទី១២ នៃពិធីបុណ្យភ្ជំបិណ្ឌ។
លោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ រួមនឹងក្រុមការងារបាននាំយក ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃ គង់ចាំនៅវត្តភ្នំដំបងមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន សម្រាប់យកទុកកសាងបន្ថែម នូវសមិទ្ធិផលនានាក្នុងវត្ត និងដើម្បីឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា គ្រូឧបទ្យាយាចារ្យ ក៏ដូចជា ឧទ្ទិសកុសល ដល់ដួងព្រលឹង ព្រះមហាក្សត្រ គ្រប់ជំនាន់ដែលបានចូលទិវង្គត និងដួងព្រលឹងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិយើង ក៏ដូចជាការសន្សំកុសល តំកល់ទុកក្នុងព្រះពុទ្ធសាសនាសម្រាប់ អនាគតជាតិផងដែរ។
ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដែលបានវេរប្រគេន ចំពោះព្រះសង្ឃនាពេលនេះ រួមមានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងបច្ច័យ សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្តមួយចំនួនធំ៕