(សៀមរាប)៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងក្រុមប្រឹក្សាសង្កាត់គោកចក ក្រុងសៀមរាប បាននិមន្ត ប្រគល់អណ្តូងស្នប់ទឹក ដែលជាអំណោយរបស់សប្បុរសជននៅប្រទេសអូស្រ្តាលី ដល់ប្រចាពលរដ្ឋចំនួន៣គ្រួសារ ព្រមទាំងបានយកគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារខ្វះខាតនៅក្នុងភូមិខ្វៀន និងភូមិនគរក្រៅ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា ការផ្ដល់អណ្ដូងទឹកនេះ ក្នុងគោលដៅ ដើម្បីចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ លើបញ្ហាកង្វះទឹកប្រើប្រាស់ ដោយត្រូវចុះជីកអណ្តូងទឹកនៅតាមភូមិ ជូនដល់ប្រចាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់ទឹកនៅរដូវប្រាំង និងបម្រើដល់ផលប្រយោជន៍នានា ដែលកំពុងតែប្រឈមខ្លាំងបំផុត។
ព្រះគ្រូចៅអធិការ មានសង្ឃដីកាបន្តថា បញ្ហាសុខភាព និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ គឺជាគន្លឹះដ៏សំខាន់ ដូច្នេះទឹក គឺជាជីវិត និងជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវគ្រោះរាំងស្ងួតតែម្តង បើគ្មានទឹក ឬមានការប្រើប្រាស់ទឹកមិនស្អាត នោះនាំឲ្យប្រជាពលរដ្ឋ រងនូវជម្ងឺដង្កាត់ផ្សេងៗដល់ក្រុមគ្រួសារ និងធ្វើឲ្យខាតបង់ប្រាក់កាស មិនអាចប្រកបរបរចិញ្ជឹមជីវិតបាន និងនាំឲ្យសេដ្ឋកិច្ចគ្រួសារមានការចុះ។
លោកស្រី ញ៉ក់ មនោរ័ត្ន បានថ្លែងអំណរគុណ ដល់សប្បុរសជននៅប្រទេសអូស្រ្តាលី ដែលបានបរិច្ចាគទ្រព្យសម្បត្តិ តាមរយះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដើម្បីធ្វើអណ្តូងទឹកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតនាពេលនេះ។
លោកស្រី បានបន្តថា តាមរយៈអណ្ដូងនេះនឹងជួយសម្រាលបន្ទុកមួយចំនួនដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាសប្រចាំថ្ងៃ មិនពិកបាកទៅយកទឹកពីកន្លែងឆ្ងាយៗ ដែលមិនមែនជាប្រភពទឹកស្អាត ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំមួយចំនួន។
លោកស្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានធណ្តូងស្នប់នេះ សូមថែរក្សា ដើម្បីប្រើប្រាស់បានយូរអង្វែងតទៅ និងជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ ជាពិសេស ឆ្លើយតបទៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ៕