(អូទ្រីស)៖ ក្រោមការរៀបចំរបស់អង្គការ Voice for rights international តាមរយៈការធ្វើតេស្តតាមប្រព័ន្ធអនឡាញ កូនខ្មែរមួយរូប គឺយុវជន សុខន បញ្ញា​រ័ត្ន បានធ្វើតេស្តជាប់ និងបានទៅចូលរួមនៅសន្និសីទអ្នកការទូតអន្តរជាតិ នៅទីក្រុងវៀណា ប្រទេសអូទ្រីស ជាមួយនឹងយុវជនមកពីបណ្តាប្រទេសជាច្រើនបានចូលរួម។

នៅក្នុងឱកាសល្អក្នុងសន្និសីទអ្នកការទូតអន្តរជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ - ៣០ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀណា ប្រទេសអូទ្រីស យុវជន សុខន បញ្ញា​រ័ត្ន ក៏បានឆ្លៀតលើកយកនូវកត្តាសុខសន្តិភាព​នៅក្នុងប្រទេសកម្ពុជា និងវប្បធម៍របស់ខ្មែរ ទៅផ្សព្វផ្សាយនៅក្នុងសន្និសីទ​អន្តរជាតិមួយនេះ ជាមួយនឹងការទទួលបានការ​ចាប់អារម្ភ​ពីបណ្តាប្រទេសជាច្រើន មកលើប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងសន្និសីទនេះបានបង្រៀនយុវជនទៅលើប្រធានបទ ២ គឺភាពជាអ្នកដឹកនាំ និងផលប៉ះពាល់នៃគ្រឿងញៀន ប្រតិភូដែលបានជ្រើសរើសចូលរួម តម្រូវឱ្យចូលរួម​ជជែកវែកញែក និងចូលរួមគំនិតក្នុងការ​ដោះស្រាយបញ្ហាសកលដូចជា បញ្ហាអាកាសធាតុ បញ្ហាបរិស្ថានជាដើម ការផ្សព្វផ្សាយពីសន្តិភាព ។ នៅក្នុងសន្និសីទនេះក៏បានដឹកនាំប្រតិភូទៅធ្វើទស្សនៈកិច្ចទៅកាន់ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅទីក្រុងវៀណា ដែលជាទីស្នាក់ការអង្គការសហប្រជាជាតិ១ ក្នុងចំណោមទីស្នាក់ការទាំង ៤ក្នុងពិភពលោក ( UN headquarters in Vienna, Austria ) និងការបង្កើតឱកាសដល់យុវជន​ក្នុងការផ្សព្វផ្សាយវប្បធម៌ និងទំនាក់ទំនងផងដែរ។

ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ យុវជន សុខន បញ្ញា​រ័ត្ន បានឱ្យដឹងថា រូបគេបានចូលរួមក្នុងសន្និសីទអ្នកការទូតអន្តរជាតិ ដោយសាររូបគេបានជាប់ក្នុងការដាក់​ពាក្យប្រឡង​តាមប្រព័ន្ធអនឡាញ ដោយបានឆ្លងកាត់ការសរសេរអត្ថបទ​ជាភាសាអង់គ្លេស និងដំណាក់កាលសម្ភាសផ្ទាល់ និងបានទៅចូលរួមកម្មវិធីនេះដោយផ្ទាល់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ - ៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀណា ប្រទេសអូទ្រីស។

យុវជន សុខន បញ្ញា​រ័ត្ន បានឱ្យដឹងដូចនេះថា តាមរយៈសន្និសីទនេះ​បានបង្រៀនយុវជន​ទៅលើប្រធានបទ២ គឺភាពជាអ្នកដឹកនាំសម្រាប់យុវជន និងផលប៉ះពាល់នៃគ្រឿងញៀន ក្រៅពីនេះតាមរយៈសន្និសីទនេះ​ក៏បានផ្តល់ឱកាសដល់យុវជនគ្រប់បណ្តាប្រទេសបានបង្កើតទំនាក់ទំនងមិត្តភាព ការចែករំលែកវប្បធម៍ ជាពិសេសគឺការសិក្សា និងចែករំលែកពីវប្បធម៍របស់ប្រទេសនីមួយៗ និងបានបង្កើតឱកាសឱ្យ​យុវជនបានផ្សព្វផ្សាយពីវប្បធម៍សន្តិភាព។

យុវជន សុខន បញ្ញា​រ័ត្ន បានបញ្ជាក់ដូចនេះទៀតថា «នៅក្នុងសន្និសិទ្ធអ្នកការទូតអន្តរជាតិនេះ ខ្ញុំបានចែករំលែកនូវកត្តាសន្តិភាព និងវប្បធម៍នៅកម្ពុជាយ៉ាងច្រើនទៅដល់ប្រតិភូពីបណ្តាប្រទេសផ្សេងៗ ជាពិសេសក្នុងកំឡុងពេលនៃកម្មវិធីនេះតែម្តង»

យុវជន សុខន បញ្ញា​រ័ត្ន បានបញ្ជាក់ទៀតថា «ដូចដែលយើងបានដឹងហើយថាប្រទេសកម្ពុជាធ្លាប់ជួបនៅរបបប្រល័យពូជសាសន៍ ហើយរបបមួយនេះបានធ្វើឱ្យយើងខាតបង់ និងទាញយើងថយក្រោយ ១០ ទៅ ២០ឆ្នាំ និងធ្វើឱ្យកម្ពុជាខាតបង់ទៅលើគ្រប់វិស័យ ដូចនេះហើយការជម្នះនិងការងើបឡើងវិញពីរបបប្រល័យពូជសាសន៍នេះបានធ្វើឱ្យកម្ពុជា ស្គាល់ពីតម្លៃសន្តិភាព យល់ពីតម្លៃសន្តិភាព និងដឹងពីតម្លៃសន្តិភាព ហើយតាមរយៈតម្លៃសន្តិភាពនេះហើយ ទើបធ្វើឱ្យខ្ញុំអាចចែករំលែកទៅលើឆាគអន្តរជាតិ និងពិភពលោកបានថា «ប្រទេសកម្ពុជាជានិម្មិតរូបនៃសន្តិភាព»

យុវជន សុខន បញ្ញា​រ័ត្ន បានឱ្យដឹងបន្ថែមទៀតថា នៅក្នុងសន្និសីទអ្នកការទូតអន្តរជាតិ នៅទីក្រុងវៀណានេះ រូបគេក៏បានលើកយកនូវវប្បធម៍របស់កម្ពុជា បង្ហាញទៅដល់បណ្តាប្រតិភូនៃបណ្តាប្រទេសទាំងអស់​បានយល់ដឹកពីវប្បធម៍របស់កម្ពុជា បានកាន់តែច្រើន និងទទួលបានការចាប់ពីអារម្ភពីមិត្តនៅតាមបណ្តាប្រទេសជាច្រើនមកលើកម្ពុជាផងដែរ។

ក្នុងនាមជាយុវជនកម្ពុជាតែមួយរូប ដែលបានចូលនៅក្នុងសន្និសីទអ្នកការទូតអន្តរជាតិនេះ យុវជន សុខន បញ្ញា​រ័ត្ន បានអះអាងថា រូបគេពិតមានមោទនភាព និងរីករាយដែលរូបគេអាចមានឱកាស​ឡើងដល់ឆាគ​អន្តរជាតិ នៅទីក្រុងវៀណា ដែលត្រូវគេគត់សម្គាល់ថា ជារាជធានីនៃកាទូត។ រូបគេពិតជាចង់ឃើញកូនខ្មែរជាច្រើនបានចូលរួមក្នុងកម្មវិធីនេះ ព្រោះវាបានផ្តល់ជាប្រយោជន៍ទៅដល់ប្រទេសជាតិរបស់យើង​យ៉ាងច្រើនផងដែរ៕