(ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញអំពីបច្ចុប្បន្នភាពនៃជំនួបរវាងមេធាវីរាជរដ្ឋាភិបាល ជាមួយជនរងគ្រោះក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលានស៉ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា។
ក្នុងកិច្ចសម្ភាសក្រោយបញ្ចប់ជំនួបលើកទី១២ លោកទេសរដ្ឋមន្ដ្រី គី តិច បានអះអាងថា ឆ្លងកាត់ជំនួប១២លើកនេះ ក្រុមមេធាវីរាជរដ្ឋាភិបាល បានជួបជាមួយជនរងគ្រោះសរុបចំនួន៤,១១០នាក់ហើយ ដើម្បីទទួលបានសិទ្ធិជាតំណាងដោយស្របច្បាប់ក្នុងការការពារក្ដី។
បើតាមលោកទេសរដ្ឋមន្ដ្រី គី តិច, ជំហានបន្ទាប់ទៅមេធាវីរាជរដ្ឋាភិបាល នឹងចុះទៅខេត្តសៀមរាប ដើម្បីជួបជាមួយជនរងគ្រោះផ្សេងទៀតដែលនៅសេសសល់ ខណៈលើកនេះជំនួបចុងក្រោយសម្រាប់អ្នកនៅរាជធានីភ្នំពេញ និងជនរងគ្រោះដែលនៅក្បែររាជធានីភ្នំពេញ។ លោកបន្ដថា សម្រាប់ជំនួបនៅខេត្តសៀមរាប ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៅពេលក្រោយ។
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមានទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។
សូមស្ដាប់ការលើកឡើងរបស់លោកមេធាវី គី តិច៖