(ភ្នំពេញ)៖ លោកបណ្ឌិត ឥន សុផល ក្នុងនាមសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ បានចេញមុខមកពន្យល់អំពីការងារបោះបង្គោលព្រំដែន ចំនួន ៨ចំណុច ហើយចោទជាសំណួរថាតើ នរណាប្រាប់ឱ្យឯងយកទូរស័ព្ទទៅវាស់បង្គោលព្រំដែនតាម Google Map ? នេះបើតាមសំណេររបស់លោកបណ្ឌិត ឥន សុផល ដែលបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
បណ្ឌិតវិទ្យាសាស្រ្តនយោបាយ ឥន សុផល បានលើកឡើងថា៖ «ឱ! ពលរដ្ឋខ្ញុំ បុគ្គលដែលគួរគោរព និងផ្តល់តម្លៃ ត្រូវបានបំភ្លេចចោល ! បែរជានាំគ្នាលើកតម្កើងជន...! អ្នកខ្លះទៅមើលបង្គោលព្រំដែនតាម Google Map រួចស្រែកថាខ្ញុំខុសអី? អ្នកខ្លះមើល Google Map ស្រែកថាហេតុអីបង្គោលមិននៅលើខ្សែបន្ទាត់ព្រំដែន ស្រែកឱ្យរដ្ឋាភិបាលពន្យល់ ! ត្រង់សម្តេចខំពន្យល់ជាង៥ម៉ោងនៅក្នុងសភាមិនស្តាប់ទេ ! បើជឿជាក់លើ Google Map ប្រយ័ត្នបើកបរធ្លាក់ស្រែបាក់កទៅ»។
បណ្ឌិតវិទ្យាសាស្រ្តនយោបាយ ឥន សុផល បានពន្យល់យ៉ាងដូច្នេះថា ការងារបោះបង្គោលព្រំដែន ចំនួន ៨ចំណុច មានដូចតទៅ៖
១៖ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្រុមជំនាញព្រំដែនកម្ពុជា ខិតខំព្យាយាមពុះពារគ្រប់ឧបសគ្គ ក្នុងការចុះស្វែងរក និងបោះបង្គោលព្រំដែន កន្លែងខ្លះពួកគាត់ត្រូវដើរកាត់ព្រៃចម្ការមីន ស្នាក់នៅក្នុងព្រៃកណ្តាលថ្ងៃ យប់ ភ្លៀងផ្គរ មិនដែលបង្ហោះបង្ហាញឱ្យគេដឹង ! ផ្ទុយទៅវិញ ពួកគាត់ត្រូវបានពលរដ្ឋមួយចំនួន នាំគ្នាជេរប្រមាថថែមទៀត ! រហូតមកដល់ពេលនេះពួកគាត់ខ្លះចាស់ជរា ខ្លះបានស្លាប់ទាំងបិទភ្នែកមិនជិត ដោយសារការជេរប្រមាថ !
២៖ ដើម្បីបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ គណៈកម្មាធិការជំនាញព្រំដែន យកផែនទី Bonnខ្នាត១/១០០.០០០ និងផែនទីបំពេញបន្ថែម UTM ខ្នាត ១/៥០.០០០ ដើម្បីកំណត់និយាមការភូមិសាស្ត្រ។ ក្រុមអ្នកជំនាញព្រំដែនកម្ពុជា និងវៀតណាម បានកំណត់យក GPS Dual Frequency Leica-1200 ទំនើបចុងក្រោយបំផុត ដើម្បីធ្វើការវាស់វែងពីផ្កាយរណប។ បន្ទាប់មកគណៈកម្មាធិការទាំងពីរ បានប្រើយន្តហោះ ថតពីលើអាកាសតាមខ្សែបន្ទាត់ព្រំដែន ចាប់ផ្តើមចេញពីបង្គោលព្រំដែនលេខ០ចំណុចកម្ពុជា ឡាវ និងវៀតណាម រហូតដល់បង្គោល៣១៤ ខេត្តកំពត និងថតពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់និយាមការភូមិសាស្ត្រឱ្យបានត្រឹមត្រូវច្បាស់លាស់។
៣៖ បន្ទាប់មកគណៈកម្មាធិការជំនាញព្រំដែនទាំងពីរ បានបោះបង្គោលតម្រុយជាបឋម ដើម្បីវាស់វែងកំណត់និយាមការភូមិសាស្ត្រ ផ្ទៀងផ្ទាត់ជាមួយនិយាមការភូមិសាស្ត្រដែលបានកត់ត្រានៅក្នុងសន្ធិសញ្ញាព្រំដែនដូចមាននៅលើផែនទី Bonnខ្នាត១/១០០.០០០ និងផែនទីបំពេញបន្ថែម UTM ខ្នាត ១/៥០.០០០ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទើបធ្វើការបោះបង្គោលជាផ្លូវការ។
៤៖ បន្ទាប់ពីកំណត់និយាមការភូមិសាស្ត្រច្បាស់លាស់ គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ បានភ្ជាប់ GPS ជាមួយ Frequency Asia Pacific អន្តរជាតិ និងបានថតបញ្ចូលលេខនិយាមការគ្រប់បង្គោលទាំងអស់រក្សាទុកក្នុង Computers របស់គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ ព្រមទាំងបានកត់ត្រាច្បាស់លាស់ពីនិយាមការភូមិសាស្ត្រនៅលើសន្ធិសញ្ញាព្រំដែននៃប្រទេសទាំងពីរ។
៥៖ បង្គោលព្រំដែនភ្លោះ គេបោះសងខាងទន្លេ, ព្រែក, ស្ទឹង ដើម្បីសម្គាល់ថាខ្សែព្រំដែនរត់តាមជ្រលងទឹកជ្រៅ ការធ្វើបែបនេះដើម្បីឱ្យប្រជាជនទាំងពីររអាចប្រើប្រាស់ទឹក និងបើកបរទូកការណូតបាន ប៉ុន្តែប្រជាជនប្រទេសមួយមិនអាចឡើងច្រាំងខាងទឹកដីប្រទេសមួយទៀតបានទេ លើកលែងមានគ្រោះអាសន្ន ដូចជាលិចទូក, សង្គោះបន្ទាន់...។ល។ បន្ទាប់ពីភាគីទាំងពីរបោះបង្គោលព្រំដែនរួច អត់មាន “តំបន់ស” ទេ !
៦៖ ក្រៅពីលេខនិយាមការភូមិសាស្ត្រ បង្គោលព្រំដែននីមួយៗ ត្រូវធៀបទៅនឹងវត្ថុធាតុគោលផ្សេងៗ មានវត្តអារ៉ាម, ព្រែក, បឹង, ទន្លេ...។ល។ ឧទាហរណ៍ៈ បង្គោលព្រំដែនលេខ ១៧១ (សំមើលពីរបៀបដែលគណៈកម្មាធិការជាតិព្រំដែនបានកំណត់ទីតាំងបង្គោលព្រំដែននីមួយៗ និងវត្ថុធាតុគោល និងផ្លូវទៅទីតាំងបង្គោល តើហ្មត់ចត់ និងល្អិតល្អន់បែបណា)។
៧៖ ចាប់ពីពេលនេះតទៅកម្ពុជាមានបង្គោលព្រំដែនច្បាស់លាស់ និងអាចរក្សាបានទឹកដីគង់វង្សដល់កូនចៅខ្មែរជំនាន់ក្រោយរាប់រយឆ្នាំ ក៏មិនអាចរំកិលបង្គោលព្រំដែននីមួយៗបានដែរ ព្រោះសូម្បីតែរំកិល (១សម.) ក៏ធ្វើឱ្យលេខនិយាមការប្រែប្រួលខុសលេខនិយាមការនៅក្នុងសន្ធិសញ្ញារវាងប្រទេសទាំងពីរដែរ។
៨៖ រឿងដែលយើងត្រូវធ្វើ គឺខេត្តនៅជាប់ព្រំដែនសហការជាមួយវិទ្យាល័យ បង្កើតកម្មវិធីនាំកូនសិស្សនៅក្នុងខេត្តរបស់ខ្លួនទៅមើលបង្គោលព្រំដែន និងពន្យល់ឱ្យច្បាស់ពីវត្ថុធាតុគោលចំណាំព្រំដែន មានតែអ្នកស្រុកជាប់ព្រំដែនទេ ដែលពួកគាត់រស់នៅតកូនតចៅ អាចចំណាំបង្គោលព្រំដែនបាន បើមានបង្គោលណាខុសទីតាំងពួកគាត់អាចរាយការណ៍ទៅអាជ្ញាធរខេត្ត ខេត្តរាយការណ៍មកគណៈកម្មាធិការព្រំដែន ដើម្បីរៀបចំកិច្ចប្រជុំជាមួយភាគីវៀតណាម រួចចុះទៅពិនិត្យ ផ្ទៀងផ្ទាត់ ទៅតាមនិយាមការភូមិសាស្ត្រដែលមាននៅក្នុងសន្ធិសញ្ញា និងប្រើប្រាស់ GPS ដូចដែលគណៈកម្មាធិការទាំងពីរបានឯកភាពគ្នាប្រើ ។
លោកបណ្ឌិត បានបញ្ជាក់ច្បាស់ៗថា ការប្រើផែនទីផ្សេងខុសពីផែនទី Bonn ខ្នាត ១/១០០.០០ និងផែនទី UTM ខ្នាត ១/៥០.០០០ឬប្រើ GPS ខុសពី GPS ដែលគណៈកម្មាធិការជាតិព្រំដែនទាំងពីរបានកំណត់ គឺមិនអាចយកជាការបានទេ៕