សាខាកាំកុងត្រូលព្រលានយន្ដហោះភ្នំពេញ ចុះត្រួតពិនិត្យទំនិញនៅតាមស្ដង់ ក្នុងខណ្ឌពោធិ៍សែនជ័យ តែមិនមានទំនិញ ខូចគុណភាពនោះទេ
28-09-2016 14:09
(ភ្នំពេញ)៖ សាខាកាំកុងត្រូលអាកាសយាន្ដដ្ឋាន អន្ដរជាតិភ្នំពេញ ដឹកនាំដោយ លោក ទិត សុខហ៊ឹម ជាអនុប្រធានសាខា សហការ ជាមួយមន្ដ្រីមន្ទីរពាណិជ្ជកម្ម និងក្រោមការណែនាំផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការចុះត្រួតពិនិត្យទំនិញ នៅតាមស្ដង់ទំនិញ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ តែមិនមានទំនិញខូចគុណភាពនោះទេ។
លោក ទិត សុខហ៊ឹម បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីធានានូវគុណភាពម្ហូបអាហារ និងធានាឲ្យបានថា នៅពេលដែល ប្រជាពលរដ្ឋ ទិញយកទៅបរិភោគមិនធ្វើឲ្យមាន ផលប៉ះពាល់ដល់សុខភាព ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខាងនេះ ហើយលោកបានបញ្ជាក់ថា ក្រោយប្រតិបត្តិការនេះ កម្លាំងជំនាញរកឃើញថា ទំនិញទាំងសុទ្ធតែមានគុណភាពល្អ ត្រឹមត្រូវនិងមានការ វេចក្ចប់តាមលក្ខណៈស្ដង់ដា ដែលនេះគឺដោយតែ អាជីវករមានការយល់ដឹងពីផលប៉ះពាល់ បានកាន់តែច្រើនជាងមុន៕