(ភ្នំពេញ)៖ អ្នកដំណើរជាច្រើន បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះក្រុមហ៊ុន «ថោង ស៊ីង» ​ដែលមិន​​ដំឡើងថ្លៃឈ្នួលរថយន្ដ នាឱកាសបុណ្យប្រណៃជាតិខ្មែរធំៗដូចជា បុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ​​ បុណ្យអុំទូក ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះតែម្ដង គឺក្រុមហ៊ុនមិនដំឡើងថ្លៃឈ្នួលនោះទេ ថែមទាំងមិនយកថ្លៃដឹកអ្នកដំណើរពេញ១ថ្ងៃ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ទៀតផង។

អ្នកដំណើរម្នាក់ បានថ្លែងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះថា សម្រាប់តម្លៃ​​ឡានក្រុមហ៊ុន «ថោង ស៊ីង» មិនមានការដំឡើងថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌទេ គឺតម្លៃនៅថេរដូចថ្ងៃធម្មតា ហើយសម្រាប់ការមិនដំឡើងថ្លៃនេះ គឺជួយសម្រាលការចំណាយច្រើន ចំពោះអ្នកដំណើរទូទៅ។

អ្នកស្រីបញ្ជាក់ថា «សម្រាប់តម្លៃវិញខ្ញុំគិតថា មិនចាំបាច់ចុះថ្លៃទៀតទេ ឲ្យតែតម្លៃថេរ​ប៉ុណ្ណឹង គឺ​អាចទទួលយកបានសម្រាប់អ្នកមាន អ្នកមធ្យម និងអ្នកក្រវាគឺជាតម្លៃមួយដ៏សមរម្យ»

ជាមួយគ្នានេះដែរ លោក អ៊ុំ ធឿនថុល វិញបានថ្លែងបញ្ជាក់ថា «ជាសំណូមពររបស់ខ្ញុំ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ ប្រជាពលរដ្ឋ ក្រុមហ៊ុនគួរតែសម្រួល នៅតម្លៃថេរបែបនេះរហូត ហើយការសម្រួលបែប​​នេះ គឺមានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋនេះ គឺចំណុចល្អ​មួយ ដែលមិនបង្កឲ្យអ្នករកស៊ីធ្វើផ្គរ ធ្វើភ្លៀង ដំឡើងថ្លៃនារដូវបុណ្យធំៗ ដែលប្រជាពលរដ្ឋធ្វើដំណើរ
ទៅស្រុកកំណើត»

លោក ប៉ោ វុទ្ធី អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ថោង ស៊ីន បានថ្លែងថា ​​​«​​សម្រាប់ការដាក់គោលការណ៍ មិនដំឡើងថ្លៃក្នុងឱកាសបុណ្យទាន និងការមិនគិតថ្លៃពីអតិថិជន១ថ្ងៃ​នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺមានកត្តាគួបផ្សំជាច្រើន ដោយសារក្រុមហ៊ុនយើង ជាដៃគូដ៏ធំមួយ​​នៅប្រទេសចិន ​​​ហើយក៏មានការជួយគាំទ្រច្រើន ពីសំណាក់ប្រជាពលរដ្ឋ»

លោកក៏បានបញ្ជាក់ទៀតថា អ្វីដែលសំខាន់បំផុតនោះ គឺក្រុមហ៊ុនយើងនឹងធ្វើយ៉ាងណាគោរព ទៅ​​តាមអនុសាសន៍រាជរដ្ឋាភិបាល ហើយក៏មានការជួយពីសំណាក់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន​​ ពាក់ព័ន្ធទៅនឹងតម្លៃប្រេង ព្រោះតម្លៃប្រេងមានការ ធូរថ្លៃហើយ ការបង់ពន្ធឆ្នាំក៏មានការធូរថ្លៃផងដែរ រម្រាប់រថយន្ដក្រុង។

លោក ប៉ោង វុទ្ធី បានឲ្យដឹងទៀតថា «ដោយមានការជួយជាច្រើនពីសំណាក់រាជរដ្ឋាភិបាល ដូចច្នេះ​​ក្រុមហ៊ុនយើងខ្ញុំ នៅតែមិនដំឡើងថ្លៃ នារដូវបុណ្យទាន ថែមទាំងមិនគិតថ្លៃចំនួន១​​​​​​​ថ្ងៃ ដល់អតិថិជនទៀតផង។ ឆ្នាំមុនក្រុមហ៊ុនយើងខ្ញុំ ក៏បានធ្វើការបញ្ចុះតម្លៃ​សម្រាប់ឆ្នាំនេះ យើងនៅតែបន្ដធ្វើដូចច្នេះ ហើយសម្រាប់បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរយើង នាពេលខាងមុន​នេះ យើងគ្មានគំរោង ដំឡើងថ្លៃទេ ព្រមទាំងមានការ Free ជូនអតិថិជន១ថ្ងៃផងដែរ»

គួរបញ្ជាក់ថា ក្រុមហ៊ុន ថោង ស៊ីង ដឹកអ្នកដំណើរបានធ្វើការផ្លាស់ប្តូរ ទីតាំងថ្មីដែលស្ថិតនៅលើបណ្ដោយផ្លូវកម្ពុជាក្រោមជាប់ពីក្រោយ ទីស្ដីការគណៈរដ្ឋមន្ត្រី ហើយក្រុមហ៊ុនមានកន្លែងសម្រាប់ជួល បើកធ្វើជាអាហារដ្ឋានទៀតផង។

ព័ត៌មានលម្អិតសូមចូលទៅកាន់ ហ្វេសប៊ុក៖ https://www.facebook.com/tss.transport/?fref=ts