(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅពេលខាងមុខនេះ អគ្គនាយកដ្ឋានកាំកុងត្រូលនិងរៀបចំមន្ទីរ ពិសោធន៍ខ្នាតតូច នៅតាមព្រំដែន ឲ្យគ្រប់ច្រកទាំងអស់ ដើម្បីពិនិត្យទំនិញនិងផលិតផលផេ្សងៗ ដែលនាំចូលពីក្រៅប្រទេស។
លោកអគ្គនាយកកាំកុងត្រូលបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកសុវត្ថិភាពម្ហូបអាហារ ជាវិស័យអាទិភាពទី១ ក្នុងចំណោមវិស័យអាទិភាពទាំង១២ និងបានអំពាវនាវផងដែរ ដល់បងប្អូនអាជីវករ ផលិករ និងប្រជាពលរដ្ឋ មេត្តាបន្តកិច្ចសហការជាមួយសមត្ថកិច្ចកាំកុងត្រូល ដែលអនុវត្តច្បាប់ពាក់ព័ន្ធ នឹងគោលការណ៍ស្ដីពី សុវត្ថិភាព ម្ហូបអាហារ ក្នុងស្មារតី ទទួលខុសត្រូវឲ្យបានខ្លាំងក្លាបំផុត។
លោកបន្ថែមថា ទិសដៅរបស់អគ្គនាយកដ្ឋានកាំកុងត្រូល គឺឲ្យមន្ដ្រីកាំកុងត្រូល សហការជាមួយមន្ដ្រីពាក់ព័ន្ធ ចុះអប់រំប្រជាពលរដ្ឋ តាមមូលដ្ឋានទាំងអស់ ពិសេសតាមបណ្ដាខេត្ត ស្រុក ដើម្បីចូលរួមទាំងអស់គ្នាទប់ស្កាត់ ការទិញ និងហូបទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ។
លោកម៉ក់ ពេជ្ជរិទ្ធ លើកឡើងបែបនេះ ខណៈលោក និងក្រុមការងារចុះពិនិត្យទំនិញ ជាម្ហូបអាហារ និងអប់រំអាជីវករលក់ដូរ នៅផ្សារតាខ្មៅ ខេត្តកណ្តាល មុនឱកាសបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នា២០១៦នេះ។
ក្រៅពីការលើកឡើងខាងលើ លោកអគ្គនាយក បានសំណូមពរ ដល់អាជីវករទាំងអស់ឲ្យលក់ដូរឲ្យមានអនាម័យ និងដឹងពីប្រភពផលិតផលត្រឹមត្រូវមុន និងទិញយកមក ដាក់តាំងលក់ឲ្យអតិថិជន ព្រោះជៀសវាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកអគ្គនាយកបានបញ្ជាក់ថា «ប្រសិនបើទំនិញខូចគុណភាពទាំងនេះ នាំចូលតាមច្រកអន្ដរជាតិ គឺមិនអាចនាំចូលបាននោះទេ ព្រោះមន្ដ្រីកាំកុងត្រូលរបស់យើង បានឈរជើង ដើម្បីពិនិត្យ និងទប់ស្កាត់ មិនឲ្យនាំចូលនោះទេ។ ផ្ទុយមកវិញទំនិញដែលហួសកាលបរិច្ឆេទ និងទំនិញក្លែងក្លាយទាំងនេះ គឺសុទ្ធសឹងតែនាំចូលតាមច្រករបៀងខុសច្បាប់ដែលហួស ពីដែនសមត្ថកិច្ចរបស់មន្ដ្រីកាំកុងត្រូល ទើបធ្វើឲ្យទំនិញនេះអាចធ្វើចរាចរណ៍បាននៅក្នុងរាជធានី ខេត្ត-ក្រុង»។
លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានអំពាវនាវ ដល់អាជីវករ មេត្តាបន្តកិច្ចសហការ ជាមួយសមត្ថកិច្ចកាំកុងត្រូល ក៏ដូចជាសមត្ថកិច្ចផេ្សងៗទៀត ដើម្បីរួមចំណែកអនុវត្តតាមគោលការណ៍ស្តីពី សុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីមួយទទួលខុសត្រូវ ជាមួយសមត្ថកិច្ចទាំងអស់គ្នាផងដែរ៕