(បាងកក)៖ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចោទរដ្ឋាភិបាល យោធាថៃ ថាបានអនុញ្ញាតឲ្យវប្បធម៌នៃការធ្វើទារុណកម្ម រីកដុះដាលនៅក្នុងប្រទេសថៃ ចាប់តាំងពី យោធាថៃបានក្តោបក្តាប់អំណាច ដោយការធ្វើរដ្ឋប្រហារកាលទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពី២០១៤។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធាមក អ្នករិះគន់រដ្ឋាភិបាលថៃជាច្រើនរូប ត្រូវបានចាប់ខ្លួន និងកំពុង ស្ថិតនៅក្រោមការឃុំខ្លួនរបស់យោធាថៃ ហើយចំនួននៃអ្នកជាប់ឃុំខ្លួនទាំងនោះ មិនត្រូវបានបញ្ជាក់ ឲ្យដឹងច្បាស់នោះឡើយ។ ជាមួយគ្នានេះដែរ អង្គការ Amnesty International បានឲ្យដឹងនៅក្នុង របាយការណ៍ថា ខ្លួនបានកត់ត្រាទុកនូវករណីចំនួន ៧៤ ជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម នៅក្នុង ប្រទេសថៃ រួមមានដូចជា ការវាយដំ ការខ្ទប់ដង្ហើមដោយថង់ប្លាស្ទីក ការជ្រមុជទឹក និងការឆក់ជាដើម ដែលត្រូវបានធ្វើឡើងដោយនាយទាហាននិងសមត្ថកិច្ចថៃ ហើយច្បាប់នៅក្រោយរដ្ឋប្រហារ បាន អនុញ្ញាតឲ្យអាជ្ញាធរ ធ្វើការឃុំខ្លួនពលរដ្ឋថៃ ដោយហាមឃាត់មិនឲ្យមានប្រាស្រ័យទាក់ទងនឹង មជ្ឈដ្ឋានខាងក្រៅឡើយ។
ប្រធានអង្គការ Amnesty International ប្រចាំអាស៊ីអាគ្នេយ៍លោក Rafendi Djamin បានថ្លែងថា «ដោយបានការផ្តល់សិទ្ធិអំណាចពីប្រព័ន្ធច្បាប់ ដែលបង្កើតឡើងដោយខ្លួនឯង អ្នកដឹកនាំយោធាថៃ បានអនុញ្ញាតឲ្យមានវប្បធម៌ទារុណកម្ម មានការរីកលូតលាស់ពាសពេញប្រទេសថៃ ដោយគ្មាន ទំនួលខុសត្រូវចំពោះជនដៃដល់ និងគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះនោះឡើយ»។
ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលយោធាថៃ បានច្រានចោលការចោទប្រកាន់នេះទាំងស្រុង ដែលថា ខ្លួនបានបំពានសិទ្ធិមនុស្ស ខណៈអ្នកនាំពាក្យរដ្ឋាភិបានអះអាងថា ការស៊ើបអង្កេតទៅលើករណី ទាក់ទិននឹងការធ្វើទារុណកម្មនៅក្នុងប្រទេសថៃ មិនបានរកឃើញភស្ថុតាងច្បាស់លាស់អ្វី ដែលអាចបញ្ជាក់បាននោះឡើយ៕