(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ដែល​ជា​ប្រទេសកាន់ព្រះពុទ្ធសាសនាដូចគ្នា និងមានវប្បធម៌ប្រពៃណីមួយចំនួនប្រហាក់ប្រហែលគ្នានោះ រួមគ្នាដាក់នូវវប្បធម៌ប្រពៃណី​មួយ​ចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាព និងបញ្ចៀសការឈ្លោះប្រកែកគ្នា។

បំណងរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពេលជួបជាមួយលោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក ឆឺតគៀត អាត់ថាកន បានបញ្ចប់បេសកកម្មការ​ងារ​របស់​លោកនៅកម្ពុជាហើយ ហើយព្រឹកមិញនេះ លោកបានចូលជម្រាបលា និងជម្រាបពីសមិទ្ធផលការងារមួយចំនួនជូនសម្តេចតេជោ។

ប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ជាប្រទេសកាន់ព្រះពុទ្ធសាសនាដូចគ្នា ហើយក៏មានវប្បធម៌ប្រពៃណីទំនៀមទម្លាប់មួយចំនួន​ស្រដៀងគ្នាផងដែរ។ កន្លងមកពលរដ្ឋកម្ពុជា និងថៃ មានទស្សនៈមិនល្អជាមួយគ្នាមួយចំនួន​ លើបញ្ហាប្រពៃណីទំនៀមទម្លាប់នេះ ជាពិសេស​នៅមានការស្នើដាក់សម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់នោះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចជាការដាក់ពិធី​បុណ្យ​ចូលឆ្នាំថ្មីជាដើម។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅឯកអគ្គរាជទូតថៃចប់អាណត្តិថា បើប្រទេសកាន់ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍​ទាំង៤​ប្រទេសនេះ អាចរួមគ្នាដាក់សម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជួយបញ្ចប់ជម្លោះដណ្ដើម​កម្ម​សិទ្ធិ​គ្នាទៅវិញទៅមក។ បន្ថែមពីលើនោះ ជាការបង្ហាញនូវសាមគ្គីភាព ហើយក៏ជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការ​ដណ្ដើម​​គ្នាថាជាកម្មសិទ្ធរបស់ប្រទេសនេះ ឬប្រទេសនោះ៕