(ភ្នំពេញ)៖ លោក ជា សុខច័ន្ទដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ពីបទ «លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា» ចំនួន ២ករណី ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយករណីផ្តន្ទាទោស ៧ឆ្នាំ។
មន្ត្រីតុលាការបញ្ជាក់ថា កាលពីកន្លងទៅ បុរសរូបនេះក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសម្តងរួចមកហើយ រយៈពេល ៧៧ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិហិង្សាចំនួន ១៣ករណី ដោយក្នុងមួយករណីផ្តន្ទាទោស ៧ឆ្នាំ។ ដូច្នេះបុរសរូបនេះ បច្ចុប្បន្នកំពុងមានទោសសរុបចំនួន ១៣ករណី និងត្រូវជាប់ពន្ធនាគាររយៈពេល ៩១ឆ្នាំ ។
បុរសរូបនេះក៏នៅមានករណីជាច្រើនផ្សេងទៀត ដែលកំពុងដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ ។
តុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង អាយុ២៧ឆ្នាំ។ នាពេលសវនាការកន្លងទៅ ជនជាប់ចោទរូបនេះ សារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន៕