(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា គណបក្សប្រឆាំង ពេលនេះកំពុងរៀបចំឱ្យ លោក កឹម សុខា ដើម្បីបានទៅចុះឈ្មោះបោះឆ្នោត ទោះបីជាប្រធានស្តីទីគណបក្សប្រឆាំងមួយនេះ មានសាលក្រមចំពោះមុខរបស់តុលាការក៏ដោយ។
លោក កឹម សុខា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ០៥ខែ និងពិន័យប្រាក់ ៨០០,០០០ រៀល ពីបទបដិសេធក្នុងការចូលខ្លួន តាមការកោះហៅរបស់តុលាការ ដើម្បីឱ្យធ្វើជាសាក្សីនៅក្នុងសំណុំរឿងសញ្ចារកម្ម ដែលពាក់ព័ន្ធនឹង កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។
លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ថា «ដូចខ្ញុំជំរាបជូនអំបិញមិញអញ្ចឹង យោងទៅលើផ្លូវច្បាប់ គាត់ (លោក កឹម សុខា) នៅមានសិទ្ធិពេញលេញ ក្នុងការទៅចុះឈ្មោះបោះឆ្នោត ហើយគ្មានករណីណាមួយដែលអាចប្រកែកមិនឱ្យគាត់ទៅចុះឈ្មោះបោះឆ្នោតបានទេ»។
លោកបានបន្ថែមថា «យោងតាមនីតិវិធីរបស់តុលាការ បានចែងថាសាលក្រម (លោក កឹម សុខា) មិនទាន់ចូលជាស្ថាពរទេ យើងមានសិទ្ធិទៅតុលាការឧទ្ធរណ៍ តុលាការកំពូល ដូច្នេះនៅពេលដែលសាលក្រមមិនទាន់ចូលជាស្ថាពរ គ្មានសិទ្ធិអំណាចណាមួយដែលត្រូវឃាត់ខ្លួន ឬចាប់ខ្លួននោះទេ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) និង លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ មិនអាចទំនាក់ទំនងបានទេ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយសារតែទូរស័ព្ទពួកគាត់មិនមានអ្នកទទួល និងត្រូវចុចបិទ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ផែនការរបស់ លោក កឹម សុខា ដែលបានសំងំលាក់ខ្លួននៅក្នុងស្នាក់ការ ហើយមិនព្រមទៅចុះឈ្មោះបោះឆ្នោតកន្លងមក គឺជាការសម្តែងល្ខោន ខណៈដែលពុំមាននរណាម្នាក់ហាមឃាត់រូបគាត់មិនឱ្យទៅចុះឈ្មោះ ឬដើរចេញក្រៅពីទីស្នាក់ការរបស់គណបក្សនោះទេ។
លោក សុខ ឥសាន បានឱ្យដឹងថា «គាត់ជាអ្នកសម្តែងទេ ឥឡូវគាត់អះអាងខ្លួនគាត់ហើយ។ កន្លងទៅគាត់ចង់ចេញពីទីស្នាក់ការមិនមានអីទេ ប៉ុន្តែគាត់ធ្វើពហិកានយោបាយ ដើម្បីឱ្យប្រជាជននិងអ្នកគាំទ្រគាត់មើលឃើញថាគាត់តស៊ូ ដើម្បីសេរីភាព ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលគាត់មិនចេញពីរូងរបស់គាត់ហ្នឹង តែប៉ុណ្ណឹងទេ»។
គិតរហូតដល់ពេលនេះ មានរយៈពេល ជាង៤ខែហើយ ដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសំងំលាក់ខ្លួននៅក្នុងទីស្នាក់ការរបស់គណបក្ស មិនព្រមចេញទៅណាមកណា ចាប់តាំងពីតុលាការមានចំណាត់ការ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្ម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក។ ក្រុមមេធាវីរបស់លោក កឹម សុខា ក៏គ្រោងនឹងដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឱ្យបានមុនសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចូលជាស្ថាពរផងដែរ៕