(សៀមរាប)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានដាក់ចេញអនុសាសន៍ណែនាំចំនួន ៧ចំណុច ដល់សមាជិក គ.អ.ទ.ស. និងអ្នកពាក់ព័ន្ធទាំងអស់សំដៅជំរុញយន្តការស្ថាប័ន និងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក ថោង ខុន បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ដោយមានការចូលរួមពីសមាជិក សមាជិកានៃ គ.អ.ទ.ស, លោក លោកស្រីជាតំណាងក្រសួង-ស្ថាប័ន សមាគមឧស្សាហកម្មទេសចរណ៍ ក្លឹបទេសចរណ៍ អាជីវករ ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅខេត្តសៀមរាបសរុបប្រមាណ ២៥០នាក់។

អនុសាសន៍ទាំង ៧ចំណុចរបស់លោកទេសរដ្ឋមន្ត្រី ថោង ខុន ដើម្បីជំរុញយន្តការស្ថាប័ន និងការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យមានដូចជា៖

ទី១៖ ស្នើឱ្យក្រុមការងារលេខាធិការដ្ឋាន ខិតខំបន្តរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ឱ្យបានឆាប់រហ័ស ដោយត្រូវបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាបាន នូវសង្គតិភាព ទាំងលើទិដ្ឋភាពខ្លឹមសារ និងយន្តការអនុវត្ត នៅពេលដែលផែនការនេះត្រូវបានអនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាល។

ទី២៖ អង្គសិក្ខាសាលាឯកភាពគាំទ្រក្នុងការលើកសំណើជូនរាជរដ្ឋាភិបាលដើម្បីដាក់បញ្ចូលនូវគម្រោងកសាង និងកែលម្អឱ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រទេសចរណ៍នៅតាមគោល ដៅអាទិភាព ទៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨ ព្រមជាមួយតំបន់បេតិកភណ្ឌអង្គរ មានដូចជា៖ តំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់បឹងទន្លេសាប, ក្រុងសៀមរាប, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី។

ដើម្បីសម្រេចបានគោលបំណងក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តក្នុងខេត្តសៀមរាបឱ្យបានគ្រប់រដូវកាល មកច្រើនដងស្នាក់នៅយូរ និងចំណាយច្រើនអង្គសិក្ខាសាលាគាំទ្រ ការដាក់ចេញនូវសសរស្តម្ភទាំង ៥ នៃផែនការអភិវឌ្ឍន៍រួមមាន៖ ទី១. ការពង្រឹង និងពង្រីកទីផ្សារទេសចរណ៍ចម្រុះមកកាន់ខេត្តសៀមរាប, ទី២. ការលើកកម្ពស់ខេត្តសៀមរាបជាគោលដៅទេសចរណ៍គួរឱ្យចងចាំ និងផ្តល់នូវបទពិសោធន៍ទេសចរណ៍ល្អៗ, ទី៣. ការកាត់បន្ថយគម្លាតរដូវកាលទេសចរណ៍នៅខេត្តសៀមរាប។​ ទី៤.ការលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកថ្លៃ និងមិនមែនថ្លៃ នៃគោលដៅទេសចរណ៍ខេត្តសៀមរាប, និងទី៥. ការធ្វើពិពិធកម្ម និងលើកកម្ពស់អត្តសញ្ញាណ «សៀមរាប៖ តារារះនាទិសឧត្តរ»។

ទី៣៖ ស្នើជំរុញការពង្រឹងគុណភាពទេសចរណ៍នៅតាមគោលដៅទេសចរណ៍អាទិភាពនៅក្នុងខេត្តសៀមរាប ដោយត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ទាំងការស្នាក់នៅ ការហូបចុក ការធ្វើដំណើរ ការកម្សាន្ត និងការទិញទំនិញ, ការបណ្តុះបណ្តាលមូលធនមនុស្សក្នុងឧស្សាហកម្មទេសចរណ៍, និងការជំរុញចលនាប្រលងប្រណាំង «ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អ»

ទី៤៖ ស្នើជំរុញអភិវឌ្ឍន៍ក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាត ស្របតាមនិន្នាការនៃឌីជីថលូបនីយកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាជំនួយដល់ការបង្កើនគុណភាព និងភាពសម្បូរបែបនៃសេវាកម្ម និងផលិតផលទេសចរណ៍, ការបង្កើនភាពងាយស្រួលក្នុងការទស្សនាកម្សាន្តរបស់ភ្ញៀវ និងការធានាសន្តិសុខសុវត្ថិភាពជូនទេសចរ។ ការអភិវឌ្ឍទីក្រុងឆ្លាត និងទេសចរណ៍ឆ្លាត ឬទេសចរណ៍ឌីជីថល នឹងចូលរួមរុញដោលកំណើនសេដ្ឋកិច្ចឌីជីថលនៅក្នុងខេត្តសៀមរាបផងដែរ។ គួរពិចារណា រៀបចំដាក់ចេញជាយុទ្ធនាការ ទីក្រុងសៀមរាប ជាទីក្រុងគ្មានថង់ប្លាស្ទីក ចាប់ពីពេលនេះតទៅ និងអាច ប្រកាសជាទីក្រុងគ្មានថង់ផ្លាស្ទិកនៅឆ្នាំ២០២៨ខាងមុខ។

ទី៥៖ ខិតខំពង្រឹង និងពង្រីកកិត្តិនាមខេត្តសៀមរាប ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត និងមានភាពទាក់ទាញបន្ថែមទៀត ដោយផ្តើមចេញពីការរៀបចំ «សង្កាត់គំរូ»នៅក្នុងទីក្រុង ដែលអាចជះឥទ្ធិពល និងជាគំរូសម្រាប់ការរៀបចំនៅតាមបណ្តាទីក្រុងទេសចរណ៍ដទៃទៀតនៅទូទាំងប្រទេសកម្ពុជា។

ទី៦៖ ត្រូវបន្តពង្រឹងបដិសណ្ឋារកិច្ចប្រកបដោយគុណភាព និងភាពកក់ក្តៅ ជូនភ្ញៀវទេសចរ និងអ្នកដំណើរឆ្លងកាត់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាច្រកចេញចូលដ៏សំខាន់មួយរបស់ខេត្ត។

ទី៧៖ ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងឯកជនបន្តចូលរួមដោយឈរលើស្មារតីបុរេសកម្មក្នុងការជំរុញអនុវត្តតាមស្មារតីនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដើម្បីអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញឱ្យក្លាយជា «គោលដៅទេសចរណ៍ប្រកបដោយគុណភាព» ព្រមទាំងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិឱ្យបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាក់ថា ខេត្តសៀមរាបត្រូវកំណត់ទស្សនវិស័យនៃការអភិវឌ្ឍ ដោយរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈដែលបច្ចុប្បន្ន ការទស្សនា ប្រាសាទ នៅតែជាហេតុផលចម្បងតែមួយរបស់ភ្ញៀវទេសចរក្នុងការមកកាន់ខេត្តសៀមរាប។ ខេត្តសៀមរាបត្រូវពង្រឹងលក្ខណសម្បត្តិរបស់ខ្លួនសម្រាប់ចាប់យកកាលានុវត្តភាពដែលមាននៅលើទីផ្សារអន្តរជាតិ និងត្រៀមខ្លួនឱ្យបានរួចរាល់នៅចំពោះមុខបញ្ហាប្រឈមថ្មីៗ ដែលជាបច្ច័យពីកត្តាខាងក្រៅ និងកត្តាខាងក្នុងផងដែរ៕