(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា, លោក Ma Feixiong អនុរដ្ឋមន្ត្រី ក្រសួងកិច្ចការអតីតយុទ្ធជន នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការបង្កើតទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរនូវឧត្តមានុវត្ត វិស័យអតីតយុទ្ធជន។

ក្នុងកំឡុងពេលទស្សនកិច្ច លោក Ma Feixiong បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅស្តូបពលីជីវិតរបស់ជនជាតិចិន នៅទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញទៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានអញ្ជើញទៅទស្សនារូបសំណាកព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងមហាវិថី ស៊ី ជីនពីង នៅទីក្រុងភ្នំពេញ។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ជា សុមេធី និងលោក Ma Feixiong បានជួបសម្តែងការគួរសម និងពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការលើវិស័យអតីតយុទ្ធជនរវាងក្រសួងទាំងពីរ។ រដ្ឋមន្ត្រីសង្គមកិច្ច បានរំលេចអំពីចំណងមិត្តភាពកម្ពុជា-ចិន សមិទ្ធផលការងារសំខាន់ៗដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសម្រេចបាន និងគោលនយោបាយអាទិភាពមួយចំនួនផ្នែកអតីតយុទ្ធជន។

បន្ថែមពីលើនេះ លោក Ma Feixiong បានលើកឡើងពីទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិនប្រកបដោយយុទ្ធសាស្ត្រ ដែលបង្កលក្ខណៈងាយស្រួលដល់មន្ត្រីថ្នាក់ក្រោមបំពេញការងារសហប្រតិបត្តិការ ហើយមិត្តភាពកម្ពុជា-ចិន​ ពិតជាមិត្តភាពពិតប្រាកដយូរអង្វែង ដែលមានសុខទុក្ខរួមគ្នា ចាប់តាំងពីទសវត្ស៦០មក ដោយផ្អែកលើស្មារតី «សហគមន៍រួម វាសនារួម»

លោកអនុមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងដំណើរទស្សនផ្លូវការនៅកម្ពុជា គឺបានបញ្ជាក់ពីទិដ្ឋភាពយ៉ាងវិជ្ជមានរវាងទំនាក់ទំនងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជាមិត្តភាពល្អ និងយូរអង្វែង ជាមួយគ្នានោះ លោកបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ឈ្មោះផ្លូវមួយនៅរាជធានីភ្នំពេញ ជា «មហាវិថី ស៊ី ជិនពីង»

គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការអតីតយុទ្ធជន បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ (Agreed Minutes) ក្នុងការចាប់ផ្តើមសហប្រតិបត្តិការផ្នែកអតីតយុទ្ធជន ផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រសួងទាំងពីរផងដែរ៕